គ្រាប់ក្រួស (The Gravel) ភាគ៣



វគ្គ៤ វិថីគ្មានទិសដៅ
          ក្រោយពីថ្ងៃនោះមកខ្ញុំគេចអត់សូវចូលផ្ទះទេ ខ្ញុំតែងតែដើរលេងបាត់ៗជាមួយពួកអ្នកលេងហ្គេមដែលខ្ញុំស្គាល់។ ដ្បិតតែពួកខ្ញុំចូលចិត្តលេងហ្គេម តែពួកខ្ញុំមិនដែលទៅបង្ករឿងនឹងអ្នកណាឡើយ ផ្ទុយទៅវិញពួកខ្ញុំបែរជាដឹងថាតំបន់កន្លែងណាមានក្មេងមិនល្អ និងកន្លែងលួចប្រព្រឹត្តល្បែងល្មើសច្បាប់យ៉ាងសម្បើមធំជាងតូបអ៊ិនធើណេតដែលពួកខ្ញុំធ្លាប់លេងទៅទៀត។
            «ប៉ូលីសឃុំយើងហ្នឹងខ្លាំងបានតែជាមួយគ្នាតូចៗហ្នឹង!» ម្នាក់ក្នុងចំណោមពួកខ្ញុំបួននាក់វាចារឡើង ធ្វើឲ្យខ្ញុំចាប់អារម្មណ៍នឹងសម្តីវាថាពិតជាត្រឹមត្រូវយ៉ាងប្រាកដ។ វាឈ្មោះ ធី ជាកូនម្ចាស់រោងកិនស្រូវនៅខាងជើងភូមិ គ្មានអ្នកណាមិនស្គាល់ម៉ែវា និងវាទេ។
            «ហើយឥលូវយើងត្រូវធ្វើម៉េច? ពេលដើរទៅណាមកណាអ្នកភូមិចាំតែនិយាយចាំតែថា...គិតសព្វៗទៅមហាថ្លង់នោះថ្លង់ អាសូរតែពួកគាត់ល្អជាងយើងទៅមិនថាទេ!» អាសុខងាកមកឆ្លើយឆ្លងជាមួយតាមបែបត្រូវចិត្តនឹងសម្តីរបស់អាធី។
            «រឿងស្អីមិនល្អ? រាល់ថ្ងៃហ្នឹងដែលគាត់មើលថាពួកយើងមិនល្អ ព្រោះយើងគ្មានបានជួយការងារស្រែចម្ការម៉ែឪ និងចាយលុយផ្ទះចោលទទេ ខណៈអ្នកភូមិគាត់ទៅស្រែធ្វើនេះធ្វើនោះបានលុយមកចាយ ទោះគាត់យកលុយហ្នឹងទៅជះនឹងបៀរ អាប៉ោង ផឹកស្រាដល់ថ្នាក់ដាក់ប្លង់ដីប្លង់ស្រែក៏គាត់មានតម្លៃជាងយើងដែរ!» ខ្ញុំនិយាយប្រាវៗតាមការមើលឃើញធ្វើឲ្យវាទាំងពីរងក់ក្បាលយល់ស្រប។
            «បើអ៊ីចឹងប្រុងធ្វើម៉េច? ធ្វើម៉េចទើបធ្វើឲ្យគាត់យល់ថាយើងមានតម្លៃ?» អាសុខសួរខ្ញុំ ទាំងដែលខ្ញុំក៏មិន
ដឹងឆ្លើយយ៉ាងម៉េចដូចគ្នា។
            «មានយ៉ាងម៉េច! ទីមួយមានតែធ្វើតាមក្តីត្រូវការរបស់ម៉ែឪ ជួយគាត់ធ្វើការនេះនោះទោះឈប់រៀនក៏មិនសូវមានអ្នកជេរថា ឬមិនអ៊ីចឹង...»
            «ឬមិនអ៊ីចឹង?» ពួកខ្ញុំត្រាប់តាមសម្តីបងម៉ាប់គ្រប់ៗគ្នា ព្រោះដៅមិនចេញទេថាគាត់ចង់និយាយអ្វីបន្ត! ឃើញស្ងៀមៗស្ងាត់ៗបែបនេះទេ តែបងម៉ាប់ក៏មិនខុសពីពួកខ្ញុំទាំងបីដែរ ព្រោះគាត់ក៏ត្រូវពុក និងម៉ែគាត់ស្តីបន្ទោសរឿងរៀនបាតថ្នាក់ហ្នឹងមិនចាញ់ខ្ញុំដែរ។
«មានម៉េច...គឺចេញពីស្រុកហ្នឹងឯង! ពេលចេញពីស្រុកបាត់ យើងលែងបានស្តាប់ពាក្យទេសនាគ្មានការពិតអស់ទាំងហ្នឹងហើយ!»
«យើងប្រុងទៅណាបង
«ប្រហែលជាទៅភ្នំពេញទេដឹង! បងឮពូៗនៅភូមិលិចគាត់ថានៅភ្នំពេញសម្បូរការធ្វើ...បងគិតថាបើយើងគង់នៅទីនេះមិនស្ងប់ ក៏គួរសាកទៅក្រៅស្រុកលមើលថាបានស្ងប់ឬមួយក៏អត់!»
            «ហ្អឹម! បងម៉ាប់និយាយក៏ម្យ៉ាងដែរអាប្រុស! ណាមួយពេលអញទៅហ្គេមនៅភូមិត្បូង អញឮគេថាខាងក្រុមហ៊ុនសប្បាយគេនឹងប្រកួតអេខេទូទាំងប្រទេសនៅភ្នំពេញចុងឆ្នាំហ្នឹងដែរ អ្នកឈ្នះនឹងបានលុយមួយចំនួនហើយបានទៅប្រទេសចិនទៀត!»
            «កុំគិតអីវែងឆ្ងាយពេកហ្អា៎...ត្រឹមធ្វើម៉េចឲ្យរួចខ្លួនពីសំណើចអ្នកភូមិសិនទៅវ៉ើយ!» អាសុខអារកាត់ រួចក៏ត្រូវបងម៉ាប់ដាក់វាមួយបឹប មុននឹងវាចារបន្ត...
            «មកពីគិតជិតពេកហ្នឹងហើយទើបអ្នកភូមិគាត់មើលឃើញថាពួកយើងអាក្រក់ហ្នឹងណា៎! ធ្វើអ្វីក៏ដោយ ត្រូវគិតគូរទុកឲ្យបានវែងឆ្ងាយបន្តិច បើទោះយើងដៅផ្លូវមិនបានក្តី តែក្តីរំពឹងក្នុងជីវិតមិនត្រូវគ្មានជាដាច់ខាត!»
            «បាទ!» អាសុខធ្វើមុខស្អុយ តែក៏មិនមែនមិនយល់ស្របនឹងគំនិតបងម៉ាប់ដែរ។ ពួកខ្ញុំដឹងថាបងម៉ាប់គ្រាន់តែចង់លើកទឹកចិត្តពួកយើង កុំឲ្យសុញសាញនឹងការប្រថុយលើកនេះ ព្រោះអនាគតយើងមើលមិនឃើញទេថាយើងនឹងទៅជាយ៉ាងណា? ម្យ៉ាងរឿងខ្លះ បើមិនប្រថុយក៏មិនមានផលចំណេញមកវិញដែរ។
«ឥលូវយ៉ាងម៉េច? ទៅឬមិនទៅ? បើទៅអញនឹងសុំលុយម៉ែខ្លះយកទៅតាម ហើយរឿងប្រកួតអេខេហ្នឹងចាំដល់ភ្នំពេញចាំគិតគូរគ្នាតាមក្រោយ!»
            «ម៉ែហ្អែងឲ្យដែរ?» អាសុខសួរបញ្ជាក់ពេលឮសម្តីរបស់អាធី
            «មិនចង់ឲ្យក៏ត្រូវតែឲ្យដែរ ម៉ែអញស្រលាញ់អញ! បើអញចង់ទៅណាហើយ គាត់ក៏ឃាត់មិនកើត
ដែរ!»
            «អើ...បើអ៊ីចឹងក៏អ៊ីចឹងទៅចឹង!» ចុងក្រោយខ្ញុំក៏សម្រេចតាមពួកវា និងបងម៉ាប់ ដោយយល់ថាប្រថុយម្តងទៅចុះ បើយ៉ាងម៉េចយ៉ាងម៉ាក៏តាមហ្នឹងទៅ!

            «តោះ!» អាធីបន្លឺសំឡេងហៅខ្ញុំ ពេលខ្ញុំឈររេរាក្បែរឡានឈ្នូល និងចោលក្រសែភ្នែកទៅផ្ទះស្លឹកប្រក់ស័ង្កសីដ៏សែនរតេករតាកមួយខ្នងនោះ។ នៅវេលានេះ ជាវេលាតែមួយគត់ដែលខ្ញុំអល់អែកមិនដាច់ចិត្តពីអ្នកផ្ទះ ព្រោះខ្ញុំលួចចេញមកក្រៅហើយតាំងចិត្តថាបើមិនបានធ្វើអ្វីដែលល្អឲ្យប្រសើរជាងនេះទេ ខ្ញុំនឹងមិនវិលមកជាន់ទីនេះវិញទៀតឡើយ។ ប៉ុន្តែចិត្តមួយនៅគិតថាបើចេញទៅទាំងបែបនេះ តើម៉ែពុកនឹងបារម្ភពីខ្ញុំទេ?
            «បានហើយ!» បងម៉ាប់ទះស្មាខ្ញុំតិចៗ បញ្ជាក់ប្រាប់ថាកុំគិតច្រើនពេក។ ការពិតទៅពួកខ្ញុំទាំងបួននាក់គ្មានអ្នកណាប្រសើរជាអ្នកណាទេ ព្រោះសុទ្ធតែជាកូនគ្មានតម្លៃក្នុងគ្រួសារ មេបំផ្លាញតែប៉ុណ្ណោះ ហើយវាមានតែឱកាសលើកនេះមួយគត់ដែលធ្វើឲ្យពួកយើងអាចបញ្ជាក់ប្រាប់ថាពួកយើងមិនមែនជាក្មេងបំផ្លាញដូចពួកគាត់ចោទ។
            ពេលមកដល់ភ្នំពេញដំបូង ពួកយើងទាំងបួននាក់រៀងពិបាកបន្តិចដោយសារត្រូវដើរកផ្ទះជួល និងដើររកកន្លែងធ្វើការរកប្រាក់ចាយបន្ថែមលើចំណែកលុយដែលយកមកពីផ្ទះ។ នៅហាងមួយចំនួនគេមិនអនុញ្ញាតឲ្យពួកខ្ញុំធ្វើការទេ ព្រោះពួកខ្ញុំមុខស្រែៗ និងមិនទាន់ទីកន្លែងស្នាក់នៅពិតប្រាកដនឹងគេ។
            វាពិបាកជាងនៅស្រុកមួយរយដង ព្រោះយើងត្រូវដើររកការងារធ្វើ រកលុយចាយ ធ្វើបាយញ៉ាំដោយខ្លួនឯង ខណៈពេលនៅផ្ទះមានម៉ែចាំធ្វើឲ្យញ៉ាំជាប្រចាំ។ ប៉ុន្តែក្តីស្រម៉ៃដ៏តូចតាចមួយនេះធ្វើឲ្យពួកខ្ញុំប្រឹងរស់ និងសម្របខ្លួនជាមួយនឹងមជ្ឈដ្ឋាននៅទីនេះម្តងមួយថ្ងៃៗរហូតអាចចុះសម្រុងនឹងគេឯងបាន។

វគ្គ៥ តម្លៃមនុស្សគ្មានតម្លៃ
            ពេលវេលាមកដល់ ការប្រកួតសេ្តចហ្គេមអេខេនៅទីក្រុងភ្នំពេញក៏ចាប់ផ្តើមឡើង។ ដោយពួកយើងជាក្រុមមិនសូវល្បី អ៊ីចឹងក្រុមពួកយើងគឺត្រូវចូលរួមប្រកួតក្រោយគេ ខណៈក្រុមផ្សេងៗឡើងទៅជាបន្តបន្ទាប់។ អ្វីដែលខ្ញុំចាំមិនភ្លេច គឺក្រសែភ្នែកជិនឆ្អន់ដែលពួកគេមានឲ្យក្រុមខ្ញុំ ព្រោះពួកខ្ញុំស្លៀកពាក់ខោមិនខោ អាវមិនអាវ ហើយក៏មិនមានវត្ថុមានតម្លៃសម្ញែងឫកលើឆាកដូចក្រុមទាំងនោះ។ ពួកគេប្រហែលគិតថាគីឡូពួកខ្ញុំស្រាលទេដឹង? (សម្តៅលើថ្វីដៃ) បានជាមើលមកពួកខ្ញុំបែបហ្នឹង? កុំអី! មិនទាន់សាក មិនទាន់ដឹងទេពៅ!
            ដល់ម៉ោងប្រកួត ពួកខ្ញុំទាំងបួននាក់បានធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលដល់ថ្នាក់បើកភ្នែកធំៗពេលឃើញទឹកដៃនៃការលេង និងសហការគ្នាដូចបងប្អូនរួមផ្ទៃរបស់ពួកខ្ញុំ។ ពួកខ្ញុំបានវាយកម្ទេចក្រុមខ្លាំងៗរហូតឈានជើងដល់វគ្គចុងក្រោយជាមួយនឹងក្រុមមួយទៀតមកពីខេត្តព្រៃវែង។
            យ៉ាងម៉េចដែរ? អ្នកខេត្តវាយ៉ាងម៉េច? គ្មានរបស់របរទំនើបវាយ៉ាងម៉េច? ចុងក្រោយអ្នកខេត្តបែរជាឡើងមកប្រកូតយកលេខមួយលេខពីរ ខណៈអ្នកភ្នំពេញធ្លាក់ទៅលេខបួន។ ក្រុមពួកខ្ញុំដើរទៅទះដៃជាមួយអ្នកខេត្តព្រៃវែងបែបជាមិត្ត ដូចគ្នានឹងក្រុមខាងព្រៃវែងក៏ស្វាគមន៍មិត្តភាពរបស់ពួកខ្ញុំដោយទឹកមុខញញឹមបែបយល់ដូចគ្នានឹងខ្ញុំកំពុងគិតដែរ។
            បន្ទាប់ពីចប់ការប្រកួត ពួកខ្ញុំក៏បានយកជ័យជម្នះអាចទៅលេងវគ្គបន្តនៅឯប្រទេសចិនបានដោយមានការធានាពីក្រុមហ៊ុនសប្បាយផ្ទាល់។ ពួកខ្ញុំចាប់ផ្តើមមានឈ្មោះល្បីម្តងបន្តិចៗក្នុងវិស័យហ្គេមមីង (ការលេងហ្គេម) តែមិនប្រាកដទេថាអ្នកភូមិអ្នកស្រុកខ្ញុំបានឲ្យតម្លៃដូចគ្នាទៅនឹងអ្វីដែលពួកខ្ញុំកំពុងមាននោះ      ឡើយ។
            «ឥលូវពួកយើងគិតយ៉ាងម៉េច ព្រោះគេត្រូវឲ្យយើងធ្វើលិខិតអនុញ្ញាតពីអាណាព្យាបាល និងភូមិឃុំ!» សុខសួរទៅបងម៉ាប់ ចង់ដឹងថាគាត់មានយោបល់យ៉ាងម៉េច ព្រោះពួកខ្ញុំក៏កំពុងតែគិតពីរឿងនេះដូចគ្នាដែរថាគួរធ្វើយ៉ាងណា?
            «បើគេត្រូវការអាលិខិតស្អីអស់ហ្នឹង បើមិនទៅវិញម៉េចនឹងកើត?» បងម៉ាប់ឆ្លើយហីៗដូចជាចម្លើយបញ្ជាក់ថាបើមិនទៅផ្ទះ តើធ្វើម្តេចនឹងបានលិខិតធានាពីអាណាព្យាបាល និងអាជ្ញាធរភូមិឃុំបាននោះ?
            «ប្រាកដហើយ?» អាធីសួរបញ្ជាក់ ខណៈខ្ញុំបានត្រឹមស្ងៀមស្ងាត់រង់ចាំស្តាប់យោបល់បងម៉ាប់បន្ថែម តែចម្លើយនៅតែដដែលព្រោះ យើងគ្មានជម្រើសអ្វីក្រៅពីទៅផ្ទះនោះទេ ប៉ុន្តែ...តើវាមានអ្វីកើតឡើងនៅពេលទៅភូមិវិញនោះ?
            «អើ...មើលដេកពួនទៅ! ស្អែកទៅស្រុកពីព្រឹកបន្តិច ក្រែងពុកម៉ែទៅស្រែអស់លែងបានជួបគាត់...នាំខកជើង!» បញ្ចប់សម្តីរួចបងម៉ាប់ក៏ប្រះខ្លួនសម្រាក បន្ទាប់ពីចាយអស់ថាមពលមិនស្ទើរក្នុងវេលាមួយថ្ងៃនេះ។ នៅសល់តែបីនាក់ខ្ញុំ ដែលអង្គុយសម្លឹងមុខគ្នាម៉ង់ៗដោយការថប់បារម្ភនឹងរឿងចំពោះមុខនៅវេលាថ្ងៃស្អែក!

            ទីបំផុតពួកខ្ញុំក៏ត្រលប់មកភូមិវិញ រួចបំបែកគ្នាទៅផ្ទះលើកលែងតែខ្ញុំមិនហ៊ានចូលផ្ទះនៅឡើយទេ ចាំមើលសិនថាឪទៅស្រែឬនៅ? បើគាត់ទៅហើយ សឹមទៅរកម៉ែឲ្យគាត់ធ្វើលិខិតនោះដើម្បីទៅចិនជាមួយនឹងពួកគេ។
            «ម៉ែ!» ខ្ញុំហៅម៉ែពីក្រោយពេលគាត់រៀបចាក់សោរផ្ទះប្រុងនឹងទៅស្រែ។ ពេលឮខ្ញុំហៅ គាត់បែរមុខមកយ៉ាងរហ័ស និងរលីងរលោងទឹកភ្នែកបែបនឹករឭកខ្ញុំ។ គាត់ប្រុងនឹងកម្រើកជើងបន្តិច តែក៏ត្រូវឈប់ទៅវិញនៅពេលឮសំណួរបន្ទាប់របស់ខ្ញុំ។
            «ម៉ែរៀបទៅស្រែ?»
            «ហ្អឹម...ឯង...»
            «បើអ៊ីចឹង មុនម៉ែឯងទៅស្រែម៉ែឯងជួយសញ្ញេលើក្រដាសនេះបន្តិចមក ខ្ញុំត្រូវការបញ្ជាក់វាដើម្បីទៅចិន!»
            «អីទៅចិន?» ម៉ែក៏លើកវាចារសួរខ្ញុំដោយចម្ងល់ ទំនងជាឆ្ងល់ថាខ្ញុំបាត់ទៅអស់ប៉ុន្មានខែសោះ ស្រាប់តែមកវិញប្រាប់ថាទៅចិនអីបែបនោះឯង។
            «ឯងទៅស្អី? ទៅចិន? ទៅធ្វើស្អី?»
            «បើម៉ែឯងមិនដឹង ក៏មិនបាច់ដឹងទេ ដឹងតែសញ្ញេវាឲ្យខ្ញុំមក!»
            «សញ្ញេស្អី? ក្រដាសស្អី? នេះឯងចង់ទៅណា? ទៅជាមួយអ្នកណា? មិនខ្លាចចាញ់បោកគេទេហ្អីកូន?»
            «ម៉ែឯងកុំសួរច្រើនអី! គ្រាន់តែសញ្ញេមក ខ្ញុំទៅវិញឥលូវហើយ!»
            «អាប្រុសហ្អា៎!»
            «ម៉ែឯងកុំឃាត់ខ្ញុំអី ខ្ញុំដឹងថាខ្ញុំធ្វើអី»
            «ចុះបើគេបោក?»
            «ខ្ញុំធំប៉ុណ្ណឹងទៅហើយ ឬខ្ញុំអត់ចេះគិតថាគេបោកឬមិនបោក? ខ្ញុំមិនមែនក្មេងអាយុដប់ឆ្នាំទេម៉ែ! ទុកការខ្លាចរបស់ម៉ែទុកឲ្យវីន និងនិតវិញទៅ! ពីរនាក់ហ្នឹងបានកូនម៉ែឯង!»
            «ម៉េចកូនឯងនិយាយអីអ៊ីចឹង!»
            «បានហើយម៉ែ! ខ្ញុំទៅបាត់អ៊ីចឹងម៉ែគួរតែសប្បាយចិត្តទើបត្រូវ ម៉ែអត់ចាំបាច់ត្រូវហត់នឹងស្តីឲ្យ ឬឈ្លោះជាមួយនឹងពុកព្រោះខ្ញុំទេ! វាមិនល្អហ្អី?...ហើយបើខ្ញុំម៉េចៗ ខ្ញុំអត់មកទីនេះឲ្យម៉ែឯងឃើញមុខខ្ញុំទេ!» ខ្ញុំនិយាយម៉ាត់ៗបែបនោះ រួចដាក់ក្រដាសនោះក្នុងដៃគាត់ដោយបែរមុខទៅម្ខាងមិនចង់ស្តាប់ពាក្យហាមឃាត់របស់ម៉ែបន្តទៀតទេ។

            បន្ទាប់ពីចុះហត្ថលេខាលើក្រដាសនោះរួចរាល់ ខ្ញុំក៏ដើរត្រលប់មករកគ្នីគ្នារបស់ខ្ញុំវិញ តែបែរជួបចាស់ៗមាត់ច្រើនក្នុងភូមិសាជាថ្មី។ ដៃកំពុងលេងបៀរសោះ តែមាត់មហាសម្អុយហ៊ាននិយាយដៀមដាមដល់ខ្ញុំដែលកំពុងដើរត្រលប់ទៅវិញ ធ្វើឲ្យខ្ញុំអស់ការអត់ធ្មត់នឹងប្រការនោះ។
            «នែ៎...នោះអាប្រុសកូនអ្នកមុំតើស៎!»
            «អើអញដឹងហើយ! អញឃើញព្រឹកមិញដែរហ្នឹង...ទំនងរត់ចោលផ្ទះទៅនៅឯគេមិនកើត ក៏រត់មកធ្វើឆ្កែយាមផ្ទះវិញទេដឹង!»
            «ប្រហែលដែរ...មើលតែមុខទៅឡើងស្លក់ដូចពួកជក់អាភៀន!»
            «បានហើយ...វាដើរមករកពួកយើងហើយឯង...ស្ងាត់!»
            «ហ៊ឹស! ស្ងាត់?» ខ្ញុំនឹកហួសចិត្តពេលឃើញឫកពារបស់ពួកគាត់ ដោយហេតុថាដំបូងដូចជាហំ តែដល់ពេលមែនទែនទៅ គ្រាន់តែជាអណ្តើកក្នុងស្នូកពូកែពួនស៊ីពេលគ្មានអ្នកនៅក្បែរបែបហ្នឹងតែប៉ុណ្ណោះ។ ប៉ុន្តែបើជ្រុលជាដើរជួបអណ្តើកទៅហើយ ឆ្កែដូចខ្ញុំគួរតែព្រុសហៅម្ចាស់មកចាប់អណ្តើកទាំងនេះទៅធ្វើម្ហូបបានមួយចានពីរសិនដែរ។
            «ម៉េច? ខ្ញុំមកឈរនៅនឹងមុខហើយមានអីចង់សួរ ឬនិយាយក៏និយាយមក មិនបាច់ប៉ប៉ាច់ប៉ប៉ោចក្រោយខ្នងខ្ញុំនាំឲ្យខាតពេល!» ពួកគាត់ធ្វើដូចជាស្តាប់មិនឮពីអ្វីដែលខ្ញុំនិយាយ តែខ្ញុំមិនឲ្យពួកគាត់រួចខ្លួនបានដោយងាយៗបែបនេះទេ ព្រោះបើជ្រុលជានរកទៅហើយ ក៏នរកឲ្យដល់ទីបំផុតទៅចុះជាមួយមនុស្សដូចពួក
គាត់ហ្នឹងដែរ។
            «អុញ! ម៉េចមិននិយាយដើមទៀតទៅ ម៉េចក៏ស្ងាត់ដូចចោរលួចសេះអ៊ីចឹង? ឬខ្លាចខ្ញុំធ្វើអ្វីមីង? ហ៊ឹស! កុំខ្លាចអី ព្រោះខ្ញុំមិនភ្លើធ្វើអីដែលធ្វើឲ្យខ្ញុំខកខានបានទៅប្រទេសក្រៅនោះទេ!»
            គ្រាន់តែប៉ុណ្ណឹង ម្នាក់ៗបើកភ្នែកប៉ុនៗពងមាន់សម្លឹងមើលមុខខ្ញុំចង់ដឹងថាខ្ញុំនិយាយពិតឬអត់? ម្ល៉ោះ
ហើយខ្ញុំក៏បង្ហាញលិខិតធានាពីអាណាព្យាបាលទៅបង្ហាញពួកគាត់ ព្រមទាំងនិយាយបន្ថែមថាខ្ញុំមិនមែនដូចពួកគាត់គិត។
            «ហ្អ៎...ភ្លេចគិតថាពួកមីងមិនចេះអាន! អើ...ចង់ប្រាប់ថាខ្ញុំត្រូវទៅប្រទេសចិន ព្រោះអីដឹងឬអត់? ព្រោះហ្គេមដែលខ្ញុំលេងប៉ុន្មានឆ្នាំនេះឯង! យ៉ាងម៉េចដែរ ឡូយឬអត់?»
            «ស្អី? ហ្គេម? បានហើយអាប្រុស! បើទៅស្រុកក្រៅព្រោះអាសម្បត្តិលេងហ្គេមស្អីប៉ុណ្ណឹង កុំបាច់មកអួតអញស្អី អញស្មានតែចោលផ្ទះទៅយូររកលុយបានច្រើន ដឹងស្អីអត់ប្រយោជន៍បែបហ្នឹងសោះ!»
            «កំពូជទាដូចឯងទោះខំត្រដាងស្លាបឡើងទ្រើងត្រឡាចនៅតែទាដដែលហ្នឹង គ្មានវាសនាឯណាអាចហោះហើរដូចជាហង្សនោះទេ! កុំប្រឹងមកបោកពួកអញឲ្យនរកអី!»
            «អ៊ីចឹងឬ? នេះមីងចេះដឹងដែរថាកំពូជទានឹងហោះឡើងទ្រើងត្រឡាចមិនកើត! ចុះមីងមានដឹងឬអត់ថាកំពូជទាដូចខ្ញុំប្រហែលជាគ្មានបុណ្យវាសនាឯណាហើរឡើងទ្រើងត្រឡាចបានងាយទេ បើខ្ញុំមិនប្រឹងហោះដូចពួកមីងដោយអង្គុយសំកុកប្រជុំក្បាលគ្នាលេងល្បែងគ្មានធ្វើការរកស៊ី ស្រែក៏មិនទៅ របរក៏មិនរក គិតតែអង្គុយសំកុកនិយាយដើមអ្នកនេះអ្នកនោះឲ្យតែពាសបែបហ្នឺង! ហ្អ៎...មានរឿងមួយទៀត ទំនេរៗជួយយកពេលហ្នឹងទៅតាមដានព័ត៌មានតាមវិទ្យុ ឬទូរទស្សន៍ផង ដើម្បីឲ្យដឹងថាបច្ចុប្បន្ននេះគេដើរដល់ណាហើយ កុំឲ្យព្រៃបែបហ្នឹងពេក!»
            «នែ៎...កុំនិយាយហំហានពេកអាប្រុស! កុំអាងឆ្អឹងរឹងដុះស្លាប ធ្វើឫកអាងចាងគ្មានគោរពក្បាលពួកអញ!»
            «ចុះពួកមីងមានធ្វើអ្វីគួរឲ្យខ្ញុំគោរពទេ? មួយថ្ងៃៗគិតតែរិះគន់ខ្ញុំអ៊ីចេះខ្ញុំអ៊ីចុះ...មានធ្លាប់សួរឬអត់ថាខ្ញុំម៉េចខ្លះ? ឬក៏បានត្រឹមតែជាន់ពន្លិចទេ? គិតមើលខ្លួនឯងឲ្យច្បាស់សិនទៅមីង! ពួកមីងនេះហ្អី បើមិនទាន់អស់ដីនៅ អស់ផ្ទះជ្រក ព្រោះតែបៀរហ្នឹងទេប្រហែលមិនដឹងទេថាខ្លួនឯងរាល់ថ្ងៃជំពាក់គេវ័ន្ធកយ៉ាងម៉េចខ្លះ?» និយាយប៉ុណ្ណឹងចប់ ខ្ញុំក៏ដើរចេញពីផ្ទះនោះវិញដោយមិនភ្លេចងាកទៅនិយាយដាក់មីងសៅដែលពូកែចេះដឹងរឿងគេបំផុតក្នុងភូមិបន្តិច។
            «ហ្អ៎មែន...កាលមុនពេលខ្ញុំចេញទៅដូចជាបានឮពូឌឿនទើបតែវាយមីងឯងព្រោះចាញ់ល្បែងតើស៎ហ្អីមីង? ប្រយ័ត្នហ្អា៎...តែថ្ងៃនេះចាញ់ទៀតប្រយ័ត្នប្តីវាយជាន់កងាប់លែងបាននិន្ទាខ្ញុំទៅ!» និយាយតែប៉ុណ្ណឹងចប់ក៏ដើរហួសពួកគាត់មកវិញ ខណៈពួកគាត់បានត្រឹមតែចំហមាត់បែបហួសចិត្ត និងក្តៅក្រហាយរាល់ពាក្យពិតដែលខ្ញុំនិយាយចេញទៅ។

            ក្រោយពីបានជួបជុំគ្នាបានក្រដាសស្នាមត្រឹមត្រូវគ្រប់លក្ខខណ្ឌ ពួកយើងក៏ឡើងមកភ្នំពេញដើម្បីបំពេញបែបបទទៅប្រទេសចិនចូលរួមការប្រកួតលំដាប់អាស៊ី ដោយមានប្រទេសផ្សេងៗមកចូលរួមប្រកួតក្នុងកម្មវិធីនោះដូចគ្នា។
            ពេលដំបូងទៅដល់ទីនោះ ពួកយើងរំភើបណាស់ដែលមកដល់ទឹកដីគេ ព្រោះគ្រប់យ៉ាងប្លែកភ្នែកខុសពីប្រទេសយើងឆ្ងាយមិនថាបរិយាយកាស សំណង់អាគារ ឬផ្លូវថ្នល់ទេសុទ្ធតែប្លែកខុសយើងទាំងអស់។ បរិបទនៅទីនេះធ្វើឲ្យខ្ញុំចង់រស់នៅ តែធ្វើយ៉ាងម៉េចនៅបានបើពួកយើងគ្រាន់តែជាក្មេងស្រុកស្រែបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ហ្នឹង?
            ជីវិតជាហ្គេមម៊ើ (អ្នកលេងហ្គេមអាជីព) គ្មានអ្វីល្អអស្ចារ្យសម្រាប់ភ្នែកគេទេ ហើយក៏គ្មានថ្ងៃរុងរឿង   ដែរ។ ដល់ត្រឹមនេះខ្ញុំចាប់ផ្តើមចង់រៀនភាសាចិន រួចបង្កើតកម្មវិធីហ្គេមយកមកលក់ឲ្យពួកចិនដើម្បីបានលុយ ឬបានមកធ្វើការនៅទីនេះដូចហ្គេមម៊ើបរទេសដទៃ ព្រោះពួកគេមិនមែនដូចពួកខ្ញុំដែលគ្មានអ្នកទទួលស្គាល់នោះឡើយ។

Comments