គ្រាប់ក្រួស (The Gravel) ភាគ១



គ្រាប់ក្រួស
            មិនដឹងគួរផ្តើមពីត្រង់ណាល្អ ព្រោះខ្សែជីវិតមួយនេះវាវែងឆ្ងាយ និងអណ្តែតត្រសែតយូរពេករហូតខ្ញុំស្ទើរតែភ្លេចថាខ្លួនខ្ញុំនេះមានប្រវត្តិយ៉ាងណា? មកទីកន្លែងណា?
            ផ្តើមចេញពីក្មេងមិនល្អម្នាក់នៅក្នុងភូមិ ដែលគ្រប់គ្នាស្អប់ខ្ពើម មិនចូលចិត្តចាំមើលងាយ និងប្រមាថ បែរក្លាយជាមនុស្សប្រុសម្នាក់ដែលទៅដល់ទីណាមានគេស្គាល់ ចាំរាក់ទាក់ និងរកប្រាក់ចាយវាយបានយ៉ាងងាយស្រួល។ វាទៅជាយ៉ាងនោះយ៉ាងម៉េចបាន បើយើងគ្រាន់តែជាសិស្សបាតថ្នាក់ ពូកែរំខានគ្រូម្នាក់នោះ?
            ដូចពាក្យចាស់លោកពោលថា «ឃ្លោកមានអណ្តែត មានលិច» រឿងអីមនុស្សមិនមានសំណាងល្អ ឬអាក្រក់នោះ? ចំណែកខ្ញុំប្រហែលជាឃ្លោកអណ្តែតទេដឹងបានជាសព្វថ្ងៃខ្ញុំប្រសើរបែបនេះ? ប៉ុន្តែក៏មានអ្នកខ្លះទៀតនិយាយពីក្រោយខ្នងខ្ញុំថា...
            «វាឡូយមិនបានយូរទេ មនុស្សគ្មានចំណេះបែបហ្នឹង!» ខ្ញុំឮឡើងស៊ាំត្រចៀកទៅហើយ ប៉ុន្តែថាទៅខ្ញុំពិតជាគ្មានចំណេះ? តើពួកគេយកអ្វីមកកាត់សេចក្តីចំពោះចំណេះរបស់ខ្ញុំ? ឬយកត្រឹមចរិតកាលនៅរៀនវិទ្យាល័យមកវាយតម្លៃ? មនុស្សមិនចេះកែប្រែទេឬ? ឬក្រដាសខ្មៅគូសពណ៌អ្វីផ្សេងទៀតក៏មិនចេញពណ៌ឬ?
            បើបែបនោះមែន ខ្ញុំមិនដឹងគួរហៅខ្លួនឯងថាពិតជាមនុស្សគ្មានចំណេះដូចគេចោទ ឬក៏អ្នកហ្នឹងទៅវិញទេដែលគ្មានសតិជាមនុស្ស មិនព្រមបើកចិត្តគំនិតទទួលនូវអ្វីដែលមនុស្សបានកែប្រែទៅវិញនោះ?

វគ្គ១ ខ្វះខាតក្តីស្រលាញ់ (១០ឆ្នាំមុន...)
          គ្រាន់តែបើកភ្នែកឡើងភ្លាម ពាក្យដែលខ្ញុំឮដំបូងគេគឺការប្រៀបរវាងខ្ញុំ និងប្អូនពៅរបស់ខ្ញុំនៅកណ្តាលវង់បាយ។ ខ្ញុំដឹងថាប្អូនខ្ញុំវារៀនពូកែ តែហេតុអ្វីចាំបាច់អួតពីវាគ្រប់ពេល? មានដឹងទេថាកូនម្នាក់នេះមិនចង់រៀនមិនពូកែទេ តែឲ្យធ្វើម៉េចបើរៀនមិនចេះ!
            «មើលអាពៅខែហ្នឹងបានលេខបីទៀតហើយ! ហើយឯងបានលេខប៉ុន្មាន? បើបានលេខចុងក្រោយគេ កុំបន្ទោសថាអញមិនទិញនាឡិកាឲ្យលើកហ្នឹង!» ពុកនិយាយជាមួយខ្ញុំ ពេលខ្ញុំទើបតែពមបបរដែលម៉ែដាំសម្រាប់អាហារពេលព្រឹកបានមួយម៉ាត់។ ឮដូច្នោះ បបរដែលដាក់ចូលទៅក្នុងមាត់ហើយនោះវាមិនព្រមចូលទៅក្នុងបំពង់កតាមសម្រួលសោះ ព្រោះទាក់...ទាក់នឹងសម្តីពុកដែលដៅដឹងថាខែនេះខ្ញុំបានលេខចុងក្រោយគេ។
            ដោយដឹងបែបនេះហើយបានជាខែនេះខ្ញុំមិនបានឲ្យសៀវភៅតាមដានការសិក្សាទៅគាត់មើលទេ ខ្ញុំឲ្យទៅម៉ែមើល តែពេលមើលហើយគាត់ក៏ឲ្យបងស្រីខ្ញុំម្នាក់ទៀតជាអ្នកសរសេរពាក្យពេចន៍ក្នុងសៀវភៅនោះ។ និយាយត្រង់ទៅចុះ ពេលនោះខ្ញុំខឹងម៉ែណាស់ ខ្ញុំតូចចិត្តថាហេតុអ្វីម៉ែមិនព្រមចារសៀវភៅឲ្យខ្ញុំទាំងដែលគាត់អាច  សរសេរបាន អានបាន? ហេតុអ្វីបានជាឲ្យបងស្រីខ្ញុំជាអ្នកសរសេរខណៈបងខ្ញុំរៀនថ្នាក់លើខ្ញុំត្រឹមបួនថ្នាក់ប៉ុណ្ណឹង?
            ខ្ញុំមិនយល់! ខ្ញុំចាប់ផ្តើមខូចចិត្ត ចាប់ផ្តើមនឿយហត់ ខ្ញុំលែងមើលឃើញថាផ្ទះដែលខ្ញុំនៅជាផ្ទះរបស់ខ្ញុំទៀតហើយ ព្រោះពេលចូលទៅពេលណាវាក្តៅ...ក្តៅរកតែខ្ញុំដកដង្ហើមមិនបាន! ម្ល៉ោះហើយ ចាប់ពីពេលនោះខ្ញុំបានទៅសម្ងំនៅកន្លែងលេងអ៊ិនធើណេតមួយកន្លែង។
            នៅទីនោះខ្ញុំបានស្គាល់ក្មេងប្រុសៗវ័យស្របាលៗខ្ញុំជាច្រើននាក់ ដែលចូលចិត្តមកលេងហ្គេមអេខេ (AK)។ បន្ទាប់ពីបានស្គាល់ពួកគេ ខ្ញុំក៏ចាប់ផ្តើមវក់នឹងហ្គេមទាំងនោះទ្វេរឡើង ខ្ញុំរៀនលែងចូលទៀតហើយ ខ្ញុំចង់ទៅទីនោះជួបពួកគេ ជជែកគ្នាពីហ្គេម និងធ្វើយ៉ាងណាឲ្យល្វេល (កម្រិតវគ្គហ្គេម) ដែលខ្ញុំលេងកើនខ្ពស់ជាងមុន។
            «ឯងទើបមកពីណាអាប្រុស?» សំណួរដែលសួរបង្កប់ដោយទោសៈ និងទឹកមុខមាំរបស់ពុកធ្វើឲ្យខ្ញុំស្ងាត់មាត់ តែមិនមែនស្ងាត់បែបខ្លាចចិត្តទេ ប៉ុន្តែស្ងាត់ព្រោះមិនចង់ឆ្លើយតប។ ខ្ញុំដឹងថាបើខ្ញុំឆ្លើយប្រាកដណាស់ពុកនឹងស្តីឲ្យ រួចវាយខ្ញុំមិនខាន! ដូច្នេះហើយ ខ្ញុំក៏ដើរហួសគាត់ដោយមិនឆ្លើយអ្វីទាំងអស់។
            «ម៉េច? ហ្អែងអត់ឮអញសួរទេ? ហ្អែងទៅសាលាយូរៗរៀនចឹងមែន? គ្រូហ្អែងប្រដៅឲ្យហ្អែងឈ្លើយអ៊ីចឹងមែន?» ខ្ញុំឈប់ជើងបន្តិចបែរមុខទៅគាត់ និងចង់ប្រាប់ថាទេ! គ្រូខ្ញុំមិនដែលប្រដៅបែបនោះទេ តែអ្នកផ្ទះនេះទៅវិញទេដែលធ្វើឲ្យខ្ញុំទៅជាបែបនេះ! ងាកឆ្វេងប្អូនល្អ ងាកស្តាំបងល្អ សួរថាខ្ញុំជាអ្វី? មនុស្សអាក្រក់ឬ? មិនមែនកូនពួកអ្នកទេឬបានជាក្នុងភ្នែកអ្នកមិនដែលមានខ្ញុំ?
            ខ្ញុំចង់ប្រើពាក្យទាំងនេះ ប៉ុន្តែខ្ញុំទ្រាំ ខ្ញុំមិនវាចារអ្វីទាំងអស់រហូតគាត់ដើរចេញពីមុខខ្ញុំទៅរករឿងម៉ែថាម៉ែមិនចេះប្រដៅខ្ញុំ ស្រលាញ់ខ្ញុំធ្វើឲ្យខ្ញុំបានចិត្ត! ហ៊ឹះ...ចង់តែសើចឲ្យរហែកមាត់ទេខ្ញុំ!

Comments