គ្រាប់ក្រួស (The Gravel) ភាគ២

វគ្គ២ ទីបញ្ចប់នៃការសិក្សា
            ទីបំផុតព្រោះតែភាពសប្បាយរីករាយដែលខ្ញុំទទួលបានពីហ្គេម និងមិត្តភក្តិថ្មីៗដែលខ្ញុំបានស្គាល់ខ្ញុំបានសម្រេចចិត្តបោះបង់ចោលការសិក្សារបស់ខ្ញុំពេលខ្ញុំរៀនដល់ថ្នាក់ទី១២ ពីព្រោះខ្ញុំប្រឡងធ្លាក់ ខ្ញុំមិនចង់រៀនទៀតនោះទេ។ ប្រការនេះមិនមែនមកពីខ្ញុំខ្មាសគេទេ តែខ្ញុំអស់អារម្មណ៍រៀនទៅវិញតែប៉ុណ្ណោះ!
            បងខ្ញុំមានម៉ូតូ ប្អូនខ្ញុំមានម៉ូតូ ចំណែកខ្ញុំរៀនជិះកង់! នេះហើយជាពាក្យដែលគាត់ប្រាប់ថាស្រលាញ់ខ្ញុំរាល់ថ្ងៃ! តែណ្ហើយ ខ្ញុំទ្រាំបានព្រោះខ្ញុំក៏មិនបានខ្វល់ខ្វាយទៀតដែរ ខ្ញុំដឹងតែម្យ៉ាងគត់គឺលេងហ្គេមជាមួយ    មិត្តភក្តិរបស់ខ្ញុំនៅហាងអ៊ិនធើណេតមួយកន្លែងនោះ។
            «បង! ដល់ល្វេលហ្នឹងគេលេងយ៉ាងម៉េច?» អ្នកដែលកំពុងអង្គុយនៅកន្លែងអ៊ិនធើណេតស្រែកសួរខ្ញុំ ធ្វើឲ្យខ្ញុំដើរតម្រង់ទៅកន្លែងគេដើម្បីជួយមើលថាគេទាក់ត្រង់ណា? ត្រូវការជួយកន្លែងណាខ្លះ? បន្ទាប់ពីមើលដឹងពីបញ្ហា ខ្ញុំបានណែនាំគេពីវិធីសាស្ត្រលេងដើម្បីយករួចខ្លួនពីដំណាក់កាលដ៏ពិបាកមួយនោះ រួចឆ្លងទៅកាន់វគ្គបន្ទាប់។
            កាលបើចប់វគ្គនេះ គេមើលទៅសប្បាយចិត្តណាស់ ព្រមទាំងអរគុណខ្ញុំដោយទឹកមុខរីករាយប្រៀប
ដូចខ្ញុំជាមនុស្សពូកែរបស់គេ! វាជាលើកទីមួយហើយដែលមានមនុស្សមានមោទកភាពចំពោះខ្ញុំ ព្រោះសូម្បីតែខ្ញុំរៀនបានលេខម្ភៃ ក៏ពុកម៉ែខ្ញុំមិនអរផងដោយគាត់នៅយល់ថាខ្ញុំរៀនមិនពូកែនោះទេ។ តើវាល្អដែរទេ ដែលកំណត់សមត្ថភាពមនុស្សត្រឹមចំណាត់ថ្នាក់? ចុះភ្លាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហានោះ យើងមិនចាត់ទុកថាវាជាសមត្ថភាពទេឬយ៉ាងណា?
            ពេលឃើញពួកគេសប្បាយចិត្តនឹងអ្វីដែលខ្ញុំផ្តល់ឲ្យគេបាន ខ្ញុំរីករាយណាស់! ខ្ញុំសប្បាយចិត្ត និងចង់ជួយពួកគេបន្ថែមដោយមិនឲ្យពួកគេខកបំណងនឹងការឡើងល្វេលនោះទេ។
                «កប់ហ្មងបង! ខ្ញុំឡើងល្វេលសែជាងហើយ តិចទៀតបានជីម (ពេជ្រ) យកមកទិញអីហើយ...អរគុណបងធំៗ!»
            «បងៗ! ខ្ញុំឈប់លេងហើយ ជួយហៅបងម្ចាស់ណេត (ម្ចាស់កន្លែងអ៊ិនធើណេត) មកគិតលុយបន្តិចមក!» ម្នាក់ដែលមកអង្គុយលេងតាំងពីព្រឹកនៅទូលេខ៧ ប្រាប់ខ្ញុំឲ្យហៅម្ចាស់កន្លែងមកគិតលុយ។
ពេលនោះខ្ញុំបម្រុងនឹងស្រែកប្រាប់គាត់ទៅហើយ តែគាប់ជួនអីខ្ញុំក្រឡេកទៅខាងក្នុងឃើញបងម្ចាស់កន្លែងគាត់កំពុងបំបៅដោះកូនតូចរបស់គាត់ ម្ល៉ោះហើយទើបខ្ញុំដើរចូលទៅប្រាប់គាត់ដោយសំឡេងតិចៗមិនចង់ឲ្យអាល្អិតនោះភ្ញាក់។
            «បងរ័ត្ន! ទូលេខ៧គេឲ្យគិតលុយបង!»
            «អូនឯងជួយគិតលុយជំនួសបងតិចទៅអូន!» បងស្រីម្ចាស់កន្លែងប្រាប់ខ្ញុំវិញយ៉ាងដូច្នោះ ខ្ញុំក៏ងក់ក្បាលយល់ព្រមព្រោះខ្ញុំមិនចង់ឲ្យគាត់ក្រោកមកធ្វើឲ្យល្អិតតូចភ្ញាក់ដែរ។ បន្ទាប់ពីគិតលុយរួចរាល់ ខ្ញុំក៏ដើរយកលុយនោះត្រលប់ទៅវិញ។ យូរៗទៅខ្ញុំក៏ក្លាយជាអ្នកគិតលុយ  និងកំណត់នាទីឲ្យអ្នកមកលេងនៅទីនេះដោយមិនដឹងខ្លួន។

            «ឥឡូវអូនឯងមកជួយមើលកន្លែងហ្នឹងឲ្យបង ចាំបងឲ្យប្រាក់ខែអូនឯង!» បន្ទាប់ពីជួយអ្នកមកលេងនៅទីនេះឲ្យឡើងល្វេលច្រើនទៅៗ បងរ័ត្នក៏ហៅខ្ញុំឲ្យធ្វើការនៅទីនេះ។ ដំបូងខ្ញុំរាងរេរាចិត្តតិចតួចដែរ ព្រោះមិនដឹងទេថាខ្លួនឯងធ្វើបានឬមួយក៏អត់? ដ្បិតក្រៅពីលេងហ្គេមនៅទីនេះ ខ្ញុំមិនចេះអ្វីទាំងអស់! តើឲ្យគ្រប់គ្រងវាយ៉ាងម៉េចបាន?
            «ខ្ញុំមិនចេះទេបង មិនដឹងជួយមើលយ៉ាងម៉េចទេ!»
            «ទៅ! មកជួយមើលដូចរាល់ថ្ងៃហ្នឹងមក ថាអ្នកណាលេងបានប៉ុន្មានម៉ោង? ឬជួយអ្នកលេងហ្នឹងឲ្យឡើងល្វេលខ្ពស់ៗដូចរាល់ថ្ងៃហ្នឹងទៅ!...វាអត់ពិបាកឯណា ដូចតែអូនឯងធ្វើរាល់តែថ្ងៃដែរហ្នឹង គ្រាន់តែឥឡូវបងលែងឲ្យអូនឯងលេងហ្វី្រតែមួយមុខហើយ បងថែមប្រាក់ឲ្យអូនឯងតាមម៉ោងដែលអូនឯងមកធ្វើការឲ្យបង! ហើយកុំភ័យថាខ្លាចអត់បានទៅរៀន អូនឯងទំនេររៀនពេលណាមកជួយបងពេលហ្នឹងមក!»
            «ហ្អ៎!» ខ្ញុំគ្រាន់តែងក់ក្បាលយល់សេចក្តី ហើយក៏ឆ្លើយយល់ព្រមនឹងគាត់ដោយគ្មានការពន្យារពេល ឬ
ពិភាក្សានឹងគ្រួសារឡើយ។ ខ្ញុំបានស្រេចចិត្តរួចហើយថា ពេលនេះខ្ញុំនៅនឹងទីនេះឈប់ទៅរៀនទៀតហើយ បើការរៀនរបស់ខ្ញុំមិនបានធ្វើឲ្យពុកម៉ែខ្ញុំសប្បាយចិត្តនឹងខ្ញុំផងនោះ។

Comments