វគ្គ៦
១ × ៤ = ១
ក្រោយពេលមកពីប្រទេសចិនវិញបានមួយឆ្នាំ
ពួកខ្ញុំបានយកប្រាក់រង្វាន់ទាំងនោះទៅរៀនភាសាចិន និងកម្មវិធីកុំព្យូរទ័របន្ថែម។
ការចំណាយពេលលើការសិក្សាភាសាចិន និងកម្មវិធីកុំព្យូទ័រពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យពួកខ្ញុំកាន់តែចងភ្ជាប់ជាមួយនឹងវិស័យនេះទ្វេឡើង
ដោយចាប់ផ្តើមបែកគំនិតក្នុងការបង្កើតប្រភេទហ្គេមថ្មីសម្រាប់វាយលុកទីផ្សារពិភពលោក។
«ការអាប់ដេត
(តម្លើងកម្មវិធីឲ្យទាន់សម័យ)របស់ហ្គេមបច្ចុប្បន្នដូចអត់សូវឡូយទេ អញចង់បង្កើត ហ្គេមប្រភេទថ្មីសម្រាប់លេងបានទាំងក្នុងទូរស័ព្ទ
និងកុំព្យូទ័រ!» អាធីវាប្រាប់ខ្ញុំពេលខ្ញុំកំពុងតែរៀនពីរបៀបបង្កើតអវតា
(តុក្កតានិម្មិត)ហ្គេមថ្មីៗ។
«អើ...មានអី ព្រោះតែបន្តិចទៀតហ្នឹងពួកយើងក៏មានទូរស័ព្ទប្រើគ្រប់ដៃគ្រប់គ្នាដែរ
បើយើងបង្កើត ហ្គេមបែបចឹងៗដាក់តម្រូវកូដក្នុងទូរស័ព្ទបានវាល្អហើយ!»
អាសុខដែលនៅក្បែរនោះស្រាប់ក៏លើកជាយោបល់ឯកភាពសម្រាប់សំណើរបស់អាធី មុននឹងបន្តធ្វើឲ្យខ្ញុំត្រូវគិតឡើងវិញពីអ្វីដែលពួកគេនិយាយ
ព្រមទាំងឆ្លៀតកត់ត្រាទុកនូវអ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ពេលខាងមុខ។
«តែថាកម្លាំងទូរស័ព្ទឥឡូវតូចៗទេ
អ៊ីចឹងមេ (មេហ្គាបៃ=ទំហំផ្ទុកនៃកម្លាំងម៉ាស៊ីន)ធំៗដូចកម្លាំងក្នុង កុំព្យូទ័រទេ
ទាល់តែយើងបង្កើតកម្មវិធីពីរដែលតម្រូវសម្រាប់ខាងកុំព្យូទ័រផង
និងសម្រាប់ទូរស័ព្ទដៃផង!»
«អើ បើអ៊ីចឹងយើងត្រូវដឹងពីទំហំផ្ទុករបស់ទូរស័ព្ទសិនថាពួកវារត់
(ល្បឿនដំណើរការ) រួចអត់ បើរត់រួច
ឬបានប៉ុន្មានអីយើងចាំកែតម្រូវកម្មវិធីពួកយើងតាមក្រោយ» ខ្ញុំលើកជាយោបល់ឲ្យអាធី
និងអាសុខគិត ដើម្បីបញ្ចប់ការចងកូដមួយនេះ។
ពួកយើងរំពឹងថាបន្ទាប់ពីរៀនកម្មវិធីសរសេរកូដកុំព្យូទ័រ និងបង្កើតកម្មវិធីរួចរាល់
ពួកយើងនឹងអាចបង្កើតហ្គេមថ្មីមួយយកលក់ឲ្យក្រុមហ៊ុនចិន ជាពិសេសលើវិស័យហ្គេមរបស់ពួកគេដែលកំពុងវាយលុកពិភពលោកសន្សឹមៗ។
ដោយមានការសហការគ្នាបានយ៉ាងល្អ
និងរិះរកពីវិធីសាស្ត្រ
ក៏ដូចជាស្រាវជ្រាវលើទំហំផ្ទុករបស់ទូរស័ព្ទតាំងពីពេលចាប់ផ្តើមរហូតមក
បានធ្វើឲ្យពួកយើងអាចសម្រេចកិច្ចការនេះបានស្ទើរតែជោគជ័យក្រោយពីយើងបញ្ចប់ការសិក្សាវគ្គជំនាញនៅរយៈពេលពីរឆ្នាំបន្ទាប់។
បន្ទាប់ពីបញ្ចប់ការសរសេរកូដ ពួកយើងបានទាក់ទងទៅខាងក្រុមហ៊ុនសប្បាយ
ដើម្បីលក់កម្មវិធីនេះឲ្យទៅក្រុមហ៊ុនចិនដែលយើងធ្លាប់បានទៅ
កាលពីលើកមុន។
បូកផ្សំនឹងព្រេងសំណាង
ឱកាសដែលពួកយើងបានសន្សំក៏មកដល់។ ពួកយើងបានទៅចចារ និងអនុវត្តផែនការដំណើរការកម្មវិធីហ្គេមនោះលើគេហទំព័ររបស់ចិនជាការសាកល្បង
ដោយពួកគេបានសន្យាថាបើរ៉េងឃីង (ចំណាត់ថ្នាក់នៃការចូលចិត្ត) របស់ហ្គេមហ្នឹងឡើង
គេនឹងទិញយកកម្មវិធីនោះពីពួកខ្ញុំទ ហើយអនុញ្ញាតឲ្យរៀនបន្ថែមពីជំនាញបង្កើតប្រូហ្គ្រាមផ្សេងៗនៅចិនប្រាំឆ្នាំពេញបន្តទៀត។
គ្រាន់តែឮបែបនោះ
ពួកខ្ញុំត្រេកអរលោតឱបកគ្នាដោយមិននឹកស្មានទេថាសុបិន្តដែលធ្លាប់មានថានឹងមកដល់ទីនេះម្តងទៀតបានក្លាយជាការពិតបែបនោះទាល់តែសោះ។
ប៉ុន្តែដូចដឹងស្រាប់ថាព្រេងសំណាងយើងមើលមិនឃើញ ថ្ងៃមុនអ្នកមើលងាយខ្ញុំ
តែមិនប្រាកដថាថ្ងៃនេះខ្ញុំនៅឲ្យអ្នកមើលងាយទៀតឡើយ។
ដូចគ្នា ខ្ញុំអត់ស្តាយក្រោយទេដែលជ្រើសរើសផ្លូវមួយនេះ
បើទោះផ្លូវចិត្តខ្ញុំអាចនឹងរងភាពឈឺចាប់មិនតិចក្តី
តែវាមិនមែនជាឧបសគ្គសម្រាប់ខ្ញុំទៀតឡើយនៅពេលនេះ!
«ហ្អែងគិតថាឪម៉ែយើងដឹងពីដំណឹងនេះខ្លះទេហ្អា៎?»
អាធីសួរខ្ញុំពេលមកដល់ផ្ទះស្នាក់ដែលជាកន្លែងដែលខាងក្រុមហ៊ុនចិនបានជួលឲ្យពួកយើងសម្រាកក្នុងរយៈពេលប្រាំឆ្នាំ។
«មិនដឹងដែរ! កាលពួកយើងនៅស្រុក ទូរទស្សន៍មិនដែលផ្សាយអីទាក់ទងនឹងហ្គេមហ្នឹងផងហ្នឹង? ពេលយើងលេងវាឈ្នះបានមកចិនក៏ម៉ែមិនដឹង
ទម្រាំឥឡូវដាច់បណ្តាញសែនយូរថ្នាក់នេះហ្អី អញថាមិនដឹងមិនឮរឿងពួកយើងទេ! ស្រួលមិនស្រួលភ្លេចពួកយើងបាត់ផងក៏មិនដឹង!»
អាសុខឆ្លើយទៅអាធី ខណៈវាក៏កំពុងអង្គុយស្មឹងស្មាធប្រឹងអានមេរៀនដែលទើបនឹងបានរៀនថ្មីៗ។
មិនខុសគ្នាពីវាពីរនាក់ហ្នឹង បងម៉ាប់ក៏មានឫកពាប្រហាក់ប្រហែលគ្នាពេលនឹកដល់ស្រុកកំណើតដែលពួកយើងបានចេញឆ្ងាយកន្លងមកនេះ។
«បងឯងនឹកម៉ែនឹកឪទេ?» ខ្ញុំសួរគាត់ដោយមិនដឹងខ្លួន
ធ្វើឲ្យអាធីងាកមកភ្លែតរួចនិយាយកាត់សម្តីបងម៉ាប់ដែលប្រុងនឹងឆ្លើយ។
«បើថាមិននឹកឆ្កែសុទ្ធហើយហ្អា៎! ម៉ែឪហ្អា៎
អាណាមិននឹក...តែដូចដឹងអ៊ីចឹងពួកយើងហ្នឹង...គ្រាន់តែជាកូនកំពូលបំផ្លាញក្នុងភ្នែកពួកគាត់
អញមិនចង់ទៅផ្ទះទេ អញខ្លាចគាត់នៅតែនិយាយដូចមុនៗ! យកអញទៅប្រៀបនឹងបងជីដូនមួយ
ជីទួតមួយ...ស្រួលមិនស្រួលប្រៀបជាមួយក្មួយអញផងមិនដឹង!
«វាពិតមែនហ្នឹង! និយាយត្រង់តាំងពីចេញពីផ្ទះមក
អញស៊ីបាយមិនត្រង់មាត់ទេ អញថាបាយម៉ែអញ
ធ្វើឲ្យវាឆ្ងាញ់ជាង...ហ៊ើយ៎...ពេលគិតដល់ម៉ែ
អញហត់នឿយនឹងពុកណាស់ដែលវាយធ្វើបាបម៉ែរហូត អញស្អប់អញចង់រកលុយឲ្យបានច្រើន រួចនាំម៉ែមកនៅឆ្ងាយពីពុកកុំឲ្យគាត់វាយធ្វើបាបម៉ែទៀត!
ចាំតែមើលតែអញ ត្រឡប់ទៅស្រុកវិញ
អញនាំម៉ែចេញពីពុក»
«គិតបានល្អ! អាប្រុស អញក៏មិនខុសពីអាសុខ...ម៉ែឪអញមិនដឹងជាស្អីម្ង៉ៃៗគិតតែឈ្លោះគ្នានាំរឿងគ្មានស្រាន្ត...មិនដឹងថាពេលចេញមកបាត់បែបនេះគាត់នៅឈ្លោះគ្នាទៀតឬអត់ទេ?»
«ហ្អឺ!» ខ្ញុំបានត្រឹមងក់ក្បាលស្តាប់ និងក្រឡេកភ្នែកចេញទៅឆ្ងាយតាមមាត់បង្អួចកញ្ចក់កណ្តាលរាត្រីដែលមានភ្លើងចម្រុះពណ៌។
ទទួលស្គាល់ថាទីនេះស្អាត តែក៏មិនស្អាតអាចជំនួសភ្លើងចង្កៀងក្នុងផ្ទះបានដែរ។
«គ្មាននរណាដែលមិននឹកស្រុកនឹកផ្ទះទេ! ប៉ុន្តែពួកយើងមានអ្នកណាជឿជាក់ឬអត់ថាអ្នកផ្ទះនឹកខ្លួនឯងវិញនោះ?
ពួកយើងដើរចេញមកឆ្ងាយបែបនេះ
មិនមែនមកពីពួកយើងដឹងរួចជាស្រេចទេឬថាអ្នកផ្ទះមិនត្រូវការពួកយើង?...គិតឬថាចង់នៅទីនេះ?
តែវាអត់ជម្រើសទៅហើយ!» បងម៉ាប់និយាយបង្ហើរចោលធ្វើឲ្យពួកខ្ញុំស្ងាត់ម្តងទៀត។
សម្តីបងម៉ាប់ពិតជាត្រឹមត្រូវ ព្រោះការដែលពួកខ្ញុំអណ្តែតត្រសែតមកដល់ទឹកដីគេនេះ
ក៏ព្រោះតែឆ្អែតឆ្អន់នឹងការនិន្ទា និងការមិនយកចិត្តទុកដាក់ពីគ្រួសារ
ប៉ុន្តែម្នាក់ៗដឹងច្បាស់ណាស់ថាផ្ទះនៅតែជាផ្ទះ
គ្រាន់តែវាលែងដូចមុនសម្រាប់ពួកយើងតែប៉ុណ្ណោះ!
«បងមិនដឹងថាពួកឯងគិតដូចបងឬអត់ទេ...បងគិតថាវាមិនមែនមានតែពួកយើងទេ
ដែលមានពើបប្រទះនឹងបញ្ហាបែបនេះ» ស្ងាត់បានបន្តិច
បងម៉ាប់បន្លឺឃ្លាថ្មីធ្វើឲ្យពួកខ្ញុំត្រូវសម្លឹងមើលមុខគាត់ដោយចម្ងល់ថាគាត់កំពុងតែគិតអ្វី
ព្រោះកែវភ្នែកមានពន្លឺ
និងការគ្រោងទុកមួយនោះធ្វើឲ្យខ្ញុំដៅមិនសូវជាខុសថាគាត់ប្រាកដជាមានផែនការអ្វីម្យ៉ាងមុនពេលពួកយើងត្រលប់ទៅស្រុកវិញមិនខាន។
វគ្គ៧
ទឹកមាត់សាបតែមានរសប្រៃ
«ពួកយើងសុទ្ធតែក្មេងខ្វះភាពកក់ក្តៅ
និងគ្មានការទទួលស្គាល់ពីសង្គម បើចឹងបើយើងបង្កើតជាវីឌីអូនិយាយពីប្រធានបទទាំងហ្នឹង
បែបលើកទឹកចិត្តកុំឲ្យអ្នកដែលដូចយើងបាក់ទឹកចិត្តគិតអ្វីផ្តេសផ្តាស តើពួកឯងយល់យ៉ាងម៉េចដែរ?
យើងថតវាជាឃ្លីបខ្លីៗទុកផុសតាមយូធូបទៅ ជឿថាវាអាចមានប្រយោជន៍នៅពេលខាងមុខសម្រាប់អ្នកជំនាន់ក្រោយ»
សម្តីគាត់ល្អម្យ៉ាងដែរ ព្រោះមកទល់ពេលនេះលទ្ធផលដែលមានសព្វថ្ងៃខ្ញុំអាចចាត់ទុកថាវាជោគជ័យបានហាសិបភាគរយហើយ
បើទោះវាគ្មានគោលដៅឲ្យជាក់ប្រាកដក្តី តែជីវិតរបស់ពួកខ្ញុំមិនបានអណ្តែតត្រសែតតែលតោលគ្មានកោះត្រើយពេកនោះដែរ។
វាសមល្មមនឹងដល់ពេលដែលត្រូវបង្ហាញពិភពលោកនេះថាពួកខ្ញុំមិនមែនជាក្មេងបាតផ្សារទំនើងគ្មានដឹងខុសដឹងត្រូវអ្វីនោះឡើយ។
បន្ទាប់ពីការបង្កើតឆាណែលយូធូបបានមួយអាទិត្យ
ពួកយើងបានផុសវីឌីអូឃ្លីបមួយចំនួនទាក់ទងនឹងការចាកចេញពីស្រុកមកធ្វើការជាសិក្ខាកាមនៅប្រទេសចិន។
នៅពេលនោះមានខមមិន (មតិយោបល់ ឬសំណូមពរផ្សេងៗ) មួយចំនួនដែលពួកយើងបានអាន
និងបានឆ្លើយតបទៅវិញនៅក្នុងប្រអប់ខមមិនវិញ។
«ពួកបង ម៉េចបានទៅធ្វើការនៅចិនបាន?»
«កាលពីមុនពួកបងជាហ្គេមម៊ើដែរឬមិនមែន?»
«ម៉េចបានពេលហ្នឹងបងឯងជ្រើសផ្លូវមួយហ្នឹង?»
រាល់សំណួរចាក់ដោតដែលបានអានទាំងប៉ុន្មាន
ពួកខ្ញុំបានកត់ចំណាំវាទុករួចធ្វើការឆ្លើយតបទៅវិញតាមប្រព័ន្ធសង្គមសព្វថ្ងៃមួយប្រភេទហៅថាហ្វេសបុក
ដោយពួកយើងបានបង្កើតជាផេកសម្រាប់ផុសវីឌីអូទាំងនោះដូចជាយូធូបដែរ។
«ជាដំបូងអរគុណសម្រាប់ការឡាច
(ចូលចិត្ត) ផេក និងឆាណែលយូធូបរបស់ពួកខ្ញុំ! ពេលខ្ញុំឃើញសំណួររបស់អ្នកគ្រប់គ្នា
ខ្ញុំពិតជាសប្បាយចិត្តដ្បិតយល់ថាគ្រប់គ្នាសុទ្ធតែចង់ដឹងពីរឿងពួកខ្ញុំ ដើម្បីបានជាបទពិសោធន៍ក្នុងការរស់នៅ។ ការពិត...ដំបូងឡើយពួកខ្ញុំគ្រាន់តែជាក្មេងបាតភូមិចូលចិត្តលេងហ្គេមរហូតជុំគ្នាបង្កើតជាធីមមួយដោយមានការជំទាស់ពីអាណាព្យាបាលគ្រប់គ្នា
ប៉ុន្តែដោយការចូលចិត្ត ពួកយើងបានជម្នះ និងពុះពាររហូតបានមកធ្វើការនៅទីនេះ។ ហើយបើឲ្យពួកខ្ញុំនិយាយថាហេតុអ្វីបានជាជ្រើសរើសផ្លូវហ្នឹង?
ហ្អឹម...ប្រហែលមកពីការចូលចិត្តទេដឹង?
តែក៏មិនសូវប៉ុន្មានដែរ...នេះសម្រាប់តែខ្ញុំម្នាក់ទេណា៎ គឺពេលហ្នឹងខ្ញុំគ្រាន់តែធុញនឹងផ្ទះ
ដូចដឹងស្រាប់គ្មានអ្នកណាចង់នៅផ្ទះដែលមិនដូចផ្ទះទេ បើនៅមានតែជម្លោះ
និងការមិនពេញចិត្តរវាងគ្នានឹងគ្នា ទីបំផុតគង់ទ្រាំនៅបន្តមិនបាន!
ប្រហែលជាពេលហ្នឹងខ្ញុំនៅក្មេងខ្ចីផងក៏មិនដឹង? តែខ្ញុំទ្រាំអត់បាននឹងស្ថានភាពពេលហ្នឹងនោះទេ
អ៊ីចឹងហើយទើបខ្ញុំទៅលេងហ្គេមរួចបានជួបជាមួយក្រុមពួកខ្ញុំសព្វថ្ងៃ! ជីវិតប្រែប្រួលមើលមិនឃើញទេ
ខ្ញុំក៏មិនដឹងដែរថាពេលនេះខ្ញុំនឹងក្លាយជាបុគ្គលិកនៅចិនបែបនេះ...ខ្ញុំអត់អាចទាយបាន
អ្នកក៏ដូចគ្នា! អ្វីដែលសំខាន់ ខ្ញុំគិតថាគ្រប់គ្នាគួរតែសាកធ្វើអ្វីមួយដែលខ្លួនចូលចិត្ត
តែកុំឲ្យការដែលយើងចូលចិត្តនោះវាបង្កបញ្ហាដល់អ្នកដទៃទៅបានហើយ! ហ្អឹម...ហើយអ្វីដែលខ្ញុំចង់ផ្តាំទៅអ្នកគ្រប់គ្នាគឺថា...ឲ្យតែឈ្មោះថាការងារវាមិនសុទ្ធតែគ្មានតម្លៃទេ
ឲ្យតែការងារសុចរិត ពេលខ្លះមិនបាច់ស្តេ្រស
ឬគិតច្រើនពីសម្តីគ្មានបានការរបស់អ្នកភូមិឡើយ តែត្រូវចាំសម្តីគេទុករួចវាយបកនៅពេលយើងបានជោគជ័យល្អឡើងទៅ...វាគ្រាប់គ្រាន់ហើយ!»
«សម្រាប់អ្នកចង់ដឹងពីបញ្ហាទូទៅរបស់ហ្គេម
ឬបញ្ហាជីវិតផ្សេងៗអាចខមមិននៅខាងក្រោម ហើយពួកយើងនឹងធ្វើវីឌីអូតបទៅកាន់អ្នកគ្រប់គ្នាសាជាថ្មី!
ជម្រាបលា!» បន្ទាប់ពីថតចប់សព្វគ្រប់
ខ្ញុំបានប្រគល់វីឌីអូនេះឲ្យទៅអាម៉ាប់ដែលជំនាញខាងកាត់តវីឌីអូ
ឲ្យវាជួយចាត់ការលៃលកយ៉ាងណាឲ្យវីឌីអូនេះដើរបានរលូនល្អមិនទាក់ សំឡេងច្បាស់ល្អ
និងពណ៌រូបភាពត្រជាក់ភ្នែកល្មាក់ល្មមនឹងប្រើការកើតមុននឹងបង្ហោះឃ្លីបនោះចូលឆាណែលយូធូប។
ពួកខ្ញុំបានបន្តប្រើជីវិតបែបនេះដោយមិនចេះនឿយណាយ
ព្រោះពេលបាននិយាយ ឬចែកចាយ បទពិសោធន៍របស់ខ្លួនទៅកាន់អ្នកដទៃ
វាធ្វើឲ្យខ្លួនខ្ញុំទៅវិញទេដែលជាអ្នកធូរស្បើយ
ខណៈអ្នកផ្សេងចាំត្រងត្រាប់ចាប់មើលថាចំណុចណាគួរធ្វើតាម និងចំណុចណាមិនគួរធ្វើតាម។
ពេលនេះម៉ោង ១១.៣០
នាទីរំលងអាធ្រាតទៅហើយ មិត្តៗខ្ញុំគ្រប់គ្នាក៏សម្រាកអស់ដែរនៅឡើយតែខ្ញុំ
ដែលសម្រាកពុំទាន់បាន។
អារម្មណ៍នេះចេះតែរសាប់រសល់នឹកដល់អ្នកផ្ទះ ដោយពិចារណាថាពេលនេះខ្ញុំជោគជ័យឬនៅ?
ពេលនេះខ្ញុំអាចជាកូនម្នាក់ដែលធ្វើឲ្យម៉ែមានមោទកភាពបានឬនៅ? ខ្ញុំនៅតែមិនដឹងពីចម្លើយ
ហើយខ្ញុំនៅតែគិតថាខ្ញុំគួរត្រលប់ទៅផ្ទះវិញទេក្រោយពីត្រលប់ទៅប្រទេសខ្មែរវិញ?

Comments
Post a Comment