វិថីស្រពេចស្រពិល វគ្គ១


ក្រោមជំនោរត្រជាក់ល្វើយៗនាដើមរដូវរងារ ភ្ញៀវទេសចរណ៍ប្រុសស្រីដែលកំពុងមានវត្តមាននៅទីកោះនេះហាក់រីករាយនឹងខ្យល់ត្រជាក់ធ្លាក់ពីទិសឧត្តរជាពន់ពេក។ ម្នាក់ៗមមារញឹកនឹងការស្រស់ស្រូបអាហារពេលព្រឹក អមដោយក្លិនក្រអូបស្រាលពីផ្កានៅឧស្យានខាងមុខរីសតរបស់ខ្លួន។
ខណៈគ្នាតែមួយនោះ ក៏មានរថយន្តឈ្នួលបរមកឈប់នៅពីមុខរីសតមួយនេះ មុននឹងបរចេញដោយបន្សល់ទុករូបរាងខ្ពស់សង្ហារបសអ្នកកំលោះមុខស្រស់ សម្បុរស ច្រមុះស្រួច ថ្ពាល់ខួចទាំងគូ ភ្នែកមិនតូចមិនធំ សមនឹងបបូរមាត់តូចបិទជិតរាបស្មើនឹងធឹង តែក៏មានមន្តស្នេហ៍មិនតិចនោះដែរ។ កាលបើចុះដល់អាសយដ្ឋានដែលបានកក់ទុករួចហើយ រាងសង្ហារហ័សអូសវ៉ាលីរបស់ខ្លួនដើរចូលទៅខាងក្នុង តាមដោយមិនភ្លេចក្រឡេកមើលនាយអាយមុននឹងងក់ក្បាលតិចៗ ពេលដឹងដល់បរិយាកាសស្ងប់ស្ងាត់ និងស្រស់បំព្រងរបស់រីសតមួយនេះ។
«សួស្តី!» គ្រាន់តែទៅដល់ខោនធ័ររបស់រីសតភ្លាម ភ្ញៀវកំលោះឱនគំនាប និងរាក់ទាក់ទៅកាន់បុគ្គលិករបស់រីសត បន្តិចមុននឹងសួរនាំបន្ទប់ដែលខ្លួនបានកក់រួចរាល់។
«ចា៎ សួស្តី»
«តើលោកមានអ្វីត្រូវការឲ្យពួកខ្ញុំជួយដែរ?»
«អើ...កាលពីសប្តាហ៍មុនខ្ញុំបានកក់បន្ទប់មួយនៅរីសតនេះ..
«នៅពេលកក់លោកបានចុះឈ្មោះអ្វីដែរ? ខាងខ្ញុំនឹងធ្វើការត្រួតពិនិត្យជូន!»
«ណាំ ហ្គាន់ជូ»
«សូមរង់ចាំបន្តិច!» ថាត្រឹមប៉ុណ្ណឹង បុគ្គលិករីសតក៏ធ្វើការចុចស្វែងរកឈ្មោះរបស់ភ្ញៀវរូបសង្ហាក្នុងបញ្ជីកក់បន្ទប់ស្នាក់របស់រីសតពួកគេ មុននឹងឃើញថាឈ្មោះនោះបានកក់ និងបង់ប្រាក់ពាក់កណ្តាលរួចជាស្រេច។
«នាងខ្ញុំសូមអត្តសញ្ញាណបណ្ណរបស់លោកបន្តិចផងចា៎!»
«បាទ!» ហ្គាន់ជូ ងក់ក្បាលផ្ងក់ៗមុននឹងហូតអត្តសញ្ញាណបណ្ណចេញពីកាបូបរបស់ខ្លួនទៅឲ្យ បុគ្គលិករូបនោះបានត្រួតពិនិត្យ និងស្កេនទុកជាព័ត៌មាននៃការចេញចូលរបស់ភ្ញៀវនៃរីសតរបស់ពួកគេ។
«អរគុណច្រើន! នេះជាសោរបន្ទប់របស់លោក...»
«អរគុណ!» ហ្គាន់ជូ ទទួលយកសោរពីបុគ្គលិកម្នាក់នោះរួចអូសវ៉ាលីដើរចេញទៅ ដោយមានបុគ្គលិកម្នាក់ទៀតជាអ្នកចាំជួយនាំផ្លូវរបស់គេទៅកាន់បន្ទប់ស្នាក់។
ខណៈ ហ្គាន់ជូ ដើរចេញបានបន្តិច ភ្ញៀវក្រមុំរូបស្រស់ពីររូបផ្សេងទៀតក៏បានមកដល់រីសតលំហែបែបធម្មជាតិមួយនេះដូចគ្នា។ អ្នកដែលបានស្គាល់រីសតនេះរួចដូចជាគ្មានភ្ញាក់ផ្អើលនឹងភាពប្រណិតល្អទាក់ទាញរបស់រីសតនេះឡើយ មានតែអ្នកដែលទើបតែមកដល់ទីនេះប៉ុណ្ណោះដែលត្រូវបើកភ្នែកធំៗគយគន់សម្រស់នៅទីនេះមិនចេះជិនណាយ។
«សួស្តី ខ្ញុំចង់បើកបន្ទប់ស្នាក់ តើខាងរីសតនៅមានបន្ទប់ទេ?»
«បាទ/ចា៎ សួស្តី! ចា៎នៅមាន តើអ្នកនាងមានគ្នាប៉ុន្មាននាក់ដែរ?»
«ពីរនាក់!»
«ចា៎...អ្នកនាងត្រូវការបន្ទប់គ្រែមួយចំនួនពីរ ឬបន្ទប់គ្រែពីរតែម្តង?»
«សូមយកបន្ទប់មួយ!»
«ចា៎...សូមរង់ចាំបន្តិច!»
«ខ្ញុំសូមអត្តសញ្ញាណបណ្ណអ្នកទាំងពីរផង!»
«ចា៎...យេរ៉ីន ហ្អា៎ឲ្យអត្តសញ្ញាណបណ្ណឯងមក!» ដល់ត្រឹមនោះ ម្ចាស់ឈ្មោះក៏ងាកត្រឡប់មកវិញ មុននឹងពើបនឹងមុខសង្ហាៗរបស់បុគ្គលិកប្រុសនៅទីនោះធ្វើឲ្យនាងទៅជាធ្មឹងមួយខណៈ។
«យេរ៉ីន ឲ្យអត្តសញ្ញាណបណ្ណមកបង!» ពេលឃើញ យេរ៉ីន ស្ងៀមធ្មឹងមិនចេញស្តី ហារ៉ា ក៏កេះហៅនាងម្តងទៀតឲ្យនាងដឹងថាអ្វីដែលត្រូវធ្វើពេលនេះមិនមែនឈរធ្មឹងសម្លឹងមុខប្រុសស្អាតទេ។
«ហ្អ៎...ចា៎!» ពេលឮដូច្នោះ យេរ៉ីន ក៏រហ័សយកអត្តសញ្ញាណបណ្ណរបស់ខ្លួនមកឲ្យបុគ្គលិកស្រីធ្វើការត្រួតពិនិត្យ ខណៈកែវភ្នែកនៅតែមិនព្រមដកចេញពីមុខស្រស់សង្ហារបស់បុគ្គលិករូបនោះ រួចក៏ទម្លាក់ភ្នែកទៅកាន់ស្លាកឈ្មោះរបស់គេ។
«ប៊ូ ហ្យុនសូ?...ឈ្មោះនេះដូចជាមិនធ្លាប់ស្គាល់ទេ ប៉ុន្តែមុខគេដូចជាប្រហែលៗនៅទីណាក៏មិនដឹង!» យេរ៉ីន សួរខ្លួនឯងពេលដឹងថាឈ្មោះម្នាក់នោះនាងមិនធ្លាប់ស្គាល់ទេ តែមុខរបស់គេដូចជាប្រហែលនៅទីណាក៏មិនដឹង រកនឹកមិនឃើញថាធ្លាប់ជួបគេនៅទីណានោះឡើយ។
ចំណែកម្ចាស់ឈ្មោះនៅតែរក្សាស្នាមញញឹមលើផ្ទៃមុខដដែលជាដដែល បើទោះអ្នកដឹងថាភ្ញៀវក្រមុំកំពុងស្វែងរកអត្តសញ្ញាណរបស់គេក្តី។
«អរគុណ! នេះជាសោររបស់អ្នកនាង! បុគ្គលិកយើងនឹងជូនអ្នកនាងទៅបន្ទប់ចា៎!»
«ចា៎អរគុណ!» ទាំង ហារ៉ា និង យេរ៉ីន រហ័សឱនគំនាបបុគ្គលិកស្រីដែលបានជួយនាងក្នុងការបើកបន្ទប់ស្នាក់ រួចដើរទៅកាន់ទិសដៅដែលមានបុគ្គលិកដទៃទៀតចាំជួយនៅទីនោះរួចជាស្រេច។
«មិនអីទេ ចាំខ្ញុំជាអ្នកជូនខ្លួនឯង!» ខណៈបុគ្គលិកដទៃប្រុងនឹងជួយអូសវ៉ាលីនោះទៅ ហ្យុនសូ រហ័សចាប់កាន់ដងវ៉ាលីនោះឡើង និងនិយាយបញ្ជាក់ទៅកាន់បុគ្គលិកទាំងនោះថាគេជាអ្នកនាំភ្ញៀវក្រមុំទាំងទ្វេដោយខ្លួនឯង
«សូមអញ្ជើញខាងនេះបាទ!» ឮដូច្នោះភ្ញៀវទាំងទ្វេរហ័សដើរតាមការនាំផ្លូវ ដោយនៅតាមផ្លូវទៅកាន់កន្លែងស្នាក់កញ្ញាយើងទាំងពីរអាចគយគន់ពីសម្រស់ស្រស់ធម្មជាតិ ដែលអមដោយសួនផ្កាតូចៗតាមផ្លូវទៅកាន់បន្ទប់របស់ខ្លួន។
«អរគុណសម្រាប់ការស្នាក់នៅរីសតរបស់យើងខ្ញុំ សូមឲ្យមានសំណាង!» ហ្យុនសូ ឱនគំនាបម្តងទៀតមុននឹងលា ហារ៉ា និង យេរ៉ីន ដើរត្រឡប់មកវិញ តែក៏ត្រូវ យេរ៉ីន ហាស្តីឃាត់ជាមុន។
«អើ...ឈប់សិន!»
«បាទ?» ហ្យុនសូ បញ្ឈប់ដំណើរ និងបែរខ្លួនត្រឡប់ទៅវិញបែបសួរថាតើមានអ្វីត្រូវការឲ្យគេបម្រើទៀតឬមួយក៏អត់?
«អើ...គឺខ្ញុំ...ខ្ញុំចង់ដឹង...ចង់ដឹង...»
«ចង់ដឹងអ្វីបាទ? អំពីសេវាកម្មស្នាក់នៅ ឬសេវាកម្មដំណើរកម្សាន្ត ឬ...»
«អត់ទេៗ» យេរ៉ីន រហ័សគ្រវីដៃបញ្ជាក់ថានាងមិនចង់សួររឿងអស់នោះឡើយ អ្វីដែលនាងឆ្ងល់នៅពេលនេះគឺថាគេនិងនាងធ្លាប់ជួបគ្នាពីមុនមកឬអត់?
«តើយើងធ្លាប់ជួបគ្នាពីមុនមកដែរឬទេ?»
«???» ហ្យុនសូ ធ្វើមុខឆ្ងល់ពីសម្តីមួយនោះឲ្យឃើញច្បាស់នឹងភ្នែក ទើប យេរ៉ីន រហ័សគ្រវីក្បារាដៃបដិសេធពីអ្វីដែលនាងកំពុងឆ្ងល់បន្តទៀត
«មិនអីទេ! លោកទៅធ្វើការរបស់លោកវិញចុះ! អរគុណ» ត្រឹមតែប៉ុណ្ណឹង យេរ៉ីន រហ័សបិទទ្វារផ្ទះស្នាក់របស់ខ្លួន ទុកឲ្យ ហ្យុនសូ ញញឹមគ្រវីក្បាលហួសចិត្តនឹងមនុស្សស្រីចំពោះមុខ។
កំលោះសង្ហាបានត្រឹមញញឹមតិចៗនឹងភាពរអើលៗរបស់នាង តែក៏ដឹងថាវាមកហេតុអ្វីដូចគ្នា ហេតុដូច្នេះគេមិនអាចបន្ទោសនាងបាននោះទេ ព្រោះគ្រប់យ៉ាងវាកើតចេញពីវាសនាដូចគ្នា។
«??? បាត់ទៅណាហើយលឿនម្ល៉េះ?» យេរ៉ីន ភ្លាត់មាត់សួរខ្លួនឯងពេលលួចអើតមើលគេតាមបង្អួចម្តងទៀត ប៉ុន្តែបែរជាមិនឃើញគេម្នាក់នោះសោះ។
«គេជើងវែងដើរលឿន បាត់ស្រមោលទៅបែបនេះក៏មិនប្លែក!»
«ឈប់រអ៊ូម្នាក់ឯងបានហើយ យេរ៉ីន! មករើឥវ៉ាន់របស់ឯងមក ឈប់តាមមើលប្រុសស្អាតទៀតទៅ!»
«ហ្អឺ...មានឯណាបង!» យេរ៉ីន ប្រកែកថាមិនពិត! នាងមានតាមមើលប្រុសស្អាតឯណា នាងកំពុងតែតាមពិនិត្យមើលថាគេជាមនុស្សដែលនាងធ្លាប់ជួបឬអត់ប៉ុណ្ណោះហ្នឹងណា៎ តែបើតាមសភាពមុននោះក៏បញ្ជាក់ច្បាស់ថាគេមិនមែនជាមនុស្សដែលនាងធ្លាប់ស្គាល់នោះឡើយ។
«ឲ្យតែប្រាកដទៅ!» ហារ៉ា និយាយលេបខាយដាក់ប្អូន មុននឹងប្រាប់ពីគម្រោងថារសៀលបន្តិចនឹងជួលកង់ជិះដើរលេងក្បែរនេះលំហែអារម្មណ៍ ព្រោះនាងធ្លាប់ដឹងមកថានៅទីនេះពេលរសៀលថ្ងៃលិចមានទេសភាពស្អាតខ្លាំង ហើយបើសិនជាមិនដល់ទីនេះហើយមិនបានថតរូបព្រះអាទិត្យលិចទេប្រាកដជាស្តាយក្រោយមិនខាន។

Comments