វិថីស្រពេចស្រពិល វគ្គ៣

«ទីត ទីត ទីត!» សំឡេងរោទិ៍បន្លឺឡើងលាន់ពេញផ្ទៃបន្ទប់ធ្វើឲ្យអ្នកក្រាបមុខផ្ទប់នឹងខ្នើយ រហ័សលូកដៃរាវរកមើលប្រភពសំឡេងរំខាន តែក៏រាវពុំប៉ះទាល់តែសោះ ម្ល៉ោះហើយមានតែប្រឹងបើកភ្នែកទាំងត្រដាបត្រដួសសម្លឹងរកមើលទូរស័ព្ទដៃដែលរោទិ៍ហើយរោទិ៍ទៀតមិនចេះស្ងាត់មួយនោះ។
ពេលយកវាបានហើយ ហ្គាន់ជូ ក៏នឹកឃើញថាថ្ងៃនេះគេត្រូវក្រោកឲ្យបានលឿនបន្តិច ដើម្បីដើរលំហែនៅឆ្នេរសមុទ្រឲ្យបានយូរ។ ពេលនឹកដូច្នោះហើយ អ្នកកំលោះរហ័សក្រោកឡើងលុបលាងរាងកាយ និងគ្រងសម្លៀកបំពាក់ឈុតថ្មីដោយស្ពាយតាមជាមួយនូវឈុតថ្មីមួយសម្រាប់ទៀត។
ផ្ទៃសមុទ្រវាលល្វឹងល្វើយពណ៌ខៀវស្រងាត់ចាំងឆ្លុះនឹងផ្ទៃមេឃ ដែលកំពុងកម្រើកខ្លួនតិចៗតាមចង្វាក់វាយោបោកបក់សាងជាទិដ្ឋភាពរស់រវើកជក់ចិត្ត ញ៉ាំងឲ្យកែវភ្នែកមួយគូនេះពិបាកនឹងដកឆ្ងាយពីស្រទាប់ផ្ទៃទឹកមួយនេះ។ ទីនេះ កន្លែងនេះ ជាកន្លែងដែលបង្កប់ទៅដោយអនុស្សារជាច្រើនរាប់មិនអស់សម្រាប់គេ គេដឹងថាក្នុងការដោះលែងអ្វីមួយដែលយើងស្រឡាញ់វាពិតជាមិនងាយដូចការគិតនោះទេ កាន់តែចង់ដោះលែងកាន់តែពិបាកចិត្តទ្វេឡើង។
«ហ៊ើយ...មនុស្សលោកពិតជាពិបាកយល់មែន!» អ្នកចាំឃ្លាំមើលតាមកញ្ចក់អេក្រង់ថាប្លែតឧទានឡើងតិចៗមុននឹងផ្ទាត់ដៃប៉ក់ធ្វើឲ្យកន្សែងបង់ករបស់នរណាម្នាក់ហើរប៉ះនឹងរាងកាយកំលោះអណ្តែតអណ្តូងមុននោះ។
បើទោះកំពុងភ្លឹកនឹងអន្លង់គំនិតក្តី ប៉ុន្តែ ហ្គាន់ជូ នៅតែមានប្រតិកម្មរហ័សតបទៅនឹងកន្សែងដែលហើរមកប៉ះនឹងរាងកាយគេ។ អ្នកចាប់កន្សែងនោះជាប់ មុននឹងងាកមើលឆ្វេងស្តាំដើម្បីរកម្ចាស់វា ហើយក៏ប្រទះនឹងរាងស្តើងក្នុងឈុតសាមញ្ញៗដូចថ្ងៃដំបូងដែលគេបានឃើញនាង ប៉ុន្តែម្តងនេះនាងមិនបានមានឫកពាសប្បាយចិត្តនឹងឃើញសៀវភៅរបស់ The Magic Group ទៀតទេ តែនាងបែរមានឫកពាត្រហេបត្រហបមកក្បែរគេទៅវិញ។
«សូម...សូម...ទោសផង!» យេរ៉ីន និយាយទាំងត្រហេបត្រហបព្រោះរត់តាមកន្សែងមួយនោះ។ នាងមិនយល់សោះនៅឈរសុខៗសោះស្រាប់តែវាហើរចេញពីខ្លួននាងទៅវិញ ហើយអ្វីដែលសំខាន់វាហើរមកឆ្ងាយអើយសែនឆ្ងាយដូចជាមានមនុស្សទាញវាឲ្យមកធ្លាក់ចំគេម្នាក់នេះអ្វីបែបនោះឯង។
«មិនអីទេ! នេះកន្សែងអ្នកនាង!» ហ្គាន់ជូ តបដោយសំនួនទន់ភ្លន់តាមទម្លាប់ ដែលធ្វើឲ្យ យេរ៉ីន ចាប់ភ្លឹកថាសំឡេងនេះដូចជាប្រហែលៗនៅទីណា ហើយក៏សម្គាល់ថាគេគឺជាអ្នកដែលនាងបានជួបកាលពីយប់មិញនេះឯង
«នេះលោក...គឺជាលោកទេ?»
«បាទ!»
«អើ...សូមទោសផងណា ខ្ញុំគ្មានចេតនានឹងរំខានលោកនោះទេ!»
«មិនអីទេ!» ហ្គាន់ជូ គ្រវីក្បាលថាមិនអីរួចហុចកន្សែងនោះទៅឲ្យម្ចាស់ដើមវិញ ធ្វើឲ្យម្ចាស់កន្សែងលូកដៃទទួលដោយភាពរអៀសចិត្តពីកំហុសរបស់ខ្លួន ប៉ុន្តែនៅពេលដែលនាងលូកដៃទៅយក ហ្គាន់ជូ ក៏លើកកន្សែងនោះខ្ពស់ទៅវិញ ធ្វើឲ្យ យេរ៉ីន ជ្រួញចិញ្ចើមមិនយល់ពីឥរិយាបថរបស់អ្នកម្ខាងទៀតថាគេកំពុងចង់ធ្វើអ្វី?
«អ្នកនាងមានភ្លេចអ្វីឬមួយក៏អត់?»
«ភ្លេច?...ហ្អ៎!» ពេលឮឃ្លានេះដំបូង យេរ៉ីន រាងចម្លែកចិត្តបន្តិច មុននឹងត្រូវបើកភ្នែកធំៗពេលគិតដល់អ្វីដែលនាងបាននិយាយនឹងគេកាលពីយប់មិញ។
«ហ្អ៎...រឿងសៀវភៅនោះមែនទេ?»
«បាទ!»
«គឺ...គឺ...ដំបូងសូមទោសដែលចេញទៅមុនដោយមិនប្រាប់ ដោយសារតែ...»
«ដោយសារតែខ្ញុំមិនឈ្នះបានសៀវភៅ?»
«ទេៗ! មិនមែនមកពីអ៊ីចឹងទេ!...គឺថ្ងៃនោះបងស្រីខ្ញុំគាត់អូសខ្ញុំទៅកន្លែងផ្សេង ខ្ញុំមិនដឹងប្រកែកយ៉ាងម៉េច ក៏មានតែទៅជាមួយនឹងគាត់ទៅ!»
«ហេតុអ្វី?»
«គឺខ្ញុំ...មិនគិតថា...»
«មិនគិតថាខ្ញុំនិយាយពិតមែន?» ហ្គាន់ជូ សួរបញ្ជាក់ដោយភាពម៉ត់ចត់បានត្រឹមតែធ្វើឲ្យ យេរ៉ីន សម្លឹងគេធ្មឹងមុននឹងងក់ក្បាលឯកភាពពីសម្តីរបស់គេ។ ឲ្យធ្វើយ៉ាងម៉េចបើវាជាវាបែបនោះពិតមែន? ជឿថាបើគេស្ថិតក្នុងស្ថានភាពដូចនាង គេក៏ធ្វើបែបនោះដែរ! តើមានទេ មនុស្សមិនធ្លាប់ស្គាល់គ្នាសោះបែរជាមានលកុ្ខខណ្ឌបែបនេះដាក់គ្នា? ឲ្យជឿកើតដែរ?
មើលតាមរយៈទឹកមុខក៏ដឹងដែរថាខាងស្រីមិនបាននិយាយកុហក ព្រោះកែវភ្នែកថ្លាយង់របស់នាងបានបញ្ជាក់យ៉ាងច្បាស់ថាសម្តីរបស់នាងឥតមានបន្លំសូម្បីតែមួយពាក្យ ធ្វើឲ្យកំលោះសង្ហារាងខ្ពស់សន្សឹមបន្ទាបដៃចុះ និងប្រគល់កន្សែងបង់កទន់ល្មើយទៅឲ្យម្ចាស់ដើមវិញ។
«មិនអីទេ! ខ្ញុំយល់ហើយ...» គេនិយាយត្រឹមតែប៉ុណ្ណឹង មុននឹងក្រសោបដៃតូចឲ្យទទួលរបស់ខ្លួនវិញ រួចងាកកាយត្រឡប់ទៅកាន់ទិសដៅម្ខាងទៀតដោយទុកឲ្យរាងស្តើងសម្លឹងគេពីក្រោយខ្នង។
«ឈប់សិន!» មិនដឹងជាកើតអ្វីក្នុងខ្លួន យេរ៉ីន បែរជាស្រែកហៅគេឲ្យបញ្ឈប់ដំណើរ និងរហ័សរត់ទៅក្បែរអ្នកកំលោះដោយមិនយល់ពីខ្លួនឯងដូចគ្នាថាហេតុអ្វីបានជាហៅគេយ៉ាងដូច្នោះ?
«???» ហើយនាងរឹតតែគាំងពេលឃើញទឹកមុខសញ្ញារបស់គេ នាងសម្លឹងមុខអ្នកមួយសន្ទុះដោយមិននិយាយស្តីអ្វីទាំងអស់ ទើប ហ្គាន់ជូ លើកចិញ្ចើមសួរបកទៅវិញ។
«ហេតុអ្វីមិននិយាយ?»
«គឺ...គឺ...»
ហ្គាន់ជូ ឱនមុខចុះញញឹមពេលខាងស្រីដែលកំពុងរដាក់រដុបម្តងទៀត ឃើញនាងបែបនេះគេក៏នឹកឃើញដល់គ្រាដំបូងដែលគេជួបស្នេហ៍គ្រាដំបូងរបស់គេដូចគ្នា នាងទាំងស្ទាក់ស្ទើរ ទាំងរឡាក់រឡើត និងមិនច្បាស់លាស់ធ្វើឲ្យគេចង់ក្បែរ ចង់ការពារគ្រប់ពេល ប៉ុន្តែ...
«គឺចង់សូមទោស និងអរគុណដែលលោកខំឡើងលើកឆាកវេទិកានោះ ទោះមិនបានសៀវភៅក៏ដោយក៏ចង់អរគុណលោកដូចគ្នា...»
«បាទ...មិនអីទេ! ណាខ្ញុំក៏បង្ហាញពីចំណូលចិត្តរបស់ខ្ញុំមួយផ្នែកផ្សេងទៀតដែរ...»
«ហ្អើស?»
«គឺចង់បានន័យថាខ្ញុំចង់អួតពីសមត្ថភាពច្រៀងរបស់ខ្ញុំហ្នឹងណា៎!» ដល់ឃ្លានេះ ហ្គាន់ជូ ធ្វើជាឱនទៅខ្សិបដាក់ត្រចៀក យេរ៉ីន តិចៗដូចខ្លាចគេឮ តែឫកពារបស់អ្នកមិនបានដូចសម្តីរបស់អ្នកឡើយ ទើបធ្វើឲ្យ យេរ៉ីន ឱនមុខសើចនឹងឥរិយាបថមួយនេះ។
«សើចអី?»
«អត់មានអីទេ?»
«ខ្ញុំដឹងថាមាន! និយាយតាមត្រង់មកល្អជាង...»
«គឺលោកជឿជាក់ខ្លាំងថាលោកច្រៀងបាន...»
«បើមិនជឿជាក់ក៏មិនហ៊ានសាកដែរ! ណាខ្ញុំក៏បានលេខពីរមិនអ៊ីចឹង?»
«ហ្អឺ...» យេរ៉ីន ញញឹមងក់ក្បាលយល់ស្របតាមសម្តីគេ និងលួចសរសើរគេក្នុងពេលតែមួយ ដ្បិតគេជាមនុស្សដែលមានភាពជឿជាក់ និងរួសរាយរាក់ទាក់ក្នុងពេលតែមួយ ធ្វើឲ្យនាងអត់ច្រណែននឹងបុគ្គលិកលក្ខណៈបែបនេះមិនបាន។
«មានតែប៉ុណ្ណឹងទេ?» ហ្គាន់ជូ សួរសាជាថ្មីពេលឃើញថា យេរ៉ីន ដូចជាធ្លាក់ទៅក្នុងអន្លង់គំនិតមួយផ្សេងទៀត។
«អើ...ហ្អ៎...បើលោកមិនយល់ទាស់ទេ លោកអាចទៅញ៉ាំអាហារថ្ងៃត្រង់នឹងខ្ញុំបានទេ?»
«ខ្ញុំ និងអ្នកនាង?» ហ្គាន់ជូ សួរដោយចង្អុលមកខ្លួនគេ និងខាងស្រីក្នុងបំណងសួរថាទៅតែពីរនាក់ឬយ៉ាងម៉េច?
--------

Comments