វិថីស្រពេចស្រពិល វគ្គ៦


«បងជុងយ៉ុងទៅបាត់ហើយ!»
«ហឺ...» ហេយ៉ុន គ្រហឹមទទួលដឹងនៅនឹងបំពង់ក ដោយបិទភ្នែករំងាប់អារម្មណ៍ដែលកកស្ទះក្នុងចិត្តឲ្យបានស្បើយ តែវាបែរជាមិនស្បើយដូចការគិតបែរជាបង្កបញ្ហាកើនទ្វេមកឲ្យខ្លួនឯង និងអ្នកជាបង។
«គិតអី?»
«មិនដឹង!» ហេយ៉ុន ឆ្លើយខ្លីតែប៉ុណ្ណឹងព្រោះនាងមិនដឹងថានាងកំពុងគិតអីនោះទេ ដឹងត្រឹមថាត្រង់ប្រអប់ទ្រូងផ្នែកខាងឆ្វេងមួយនេះឈឺខ្លាំង។ នាងចង់ឲ្យនាងឈប់ទទួលអារម្មណ៍ឈឺ ឈប់ដឹង ឈប់ឮអ្វីទាំងអស់តែក៏មិនងាយដូចការគិតទាល់តែសោះ។
«ហ៊ើយ!» ហ្គាន់ជូ ដកដង្ហើមធំពិបាកចិត្តតាមមនុស្សស្រីចំពោះមុខដោយហាមមិនបាន។ មនុស្សដែលធ្លាប់តែរីករាយ សើចសប្បាយ រួសរាយ និងមានសតិបែរជាមកត្រូវធ្វើរឿងឆ្កួតៗព្រោះតែពាក្យថាស្នេហា!
ហ្គាន់ជូ អូសកៅអីក្បែរនោះមកដាក់អង្គុយក្បែរគ្រែអ្នកជំងឺសម្លឹងមើលនាងដោយភាពស្ងប់ស្ងាត់រង់ចាំឲ្យអ្នកជំងឺជាអ្នកចាប់ផ្តើមការសន្ទនាដោយខ្លួនឯង។
«ខ្ញុំចង់ដូចគេ! ចង់ធ្វើជាចិត្តដាច់ ចង់ធ្វើជាមិនស្គាល់ពេលជួប ចង់ធ្វើជាមិនស្រឡាញ់ពេលក្បែរ...តែខ្ញុំធ្វើមិនបាន!»
«បើធ្វើមិនបានក៏បញ្ចេញវាមក...»
«ស្រឡាញ់គេ ខ្ញុំហត់ណាស់!»
«ហ៊ើយ! ហត់? ហើយនៅពេលសម្រេចចិត្តធ្វើរឿងបែបនេះ តើអ្នកណានឹងហត់ជំនួសយើង ហេយ៉ុន? ហេយ៉ុន គិតឬថារឿងរ៉ាវនឹងបញ្ចប់បើគ្រាន់ត្រឹមតែ ហេយ៉ុន ចាកចេញពីពិភពលោកនេះ? ចម្លើយអត់ទេ ដ្បិតបង ជុងយ៉ុង នឹងមិនអត់ឱនអ្នកដែលជាដើមហេតុក្នុងរឿងនេះឡើយ ហើយបើទោះជាខ្ញុំមិនបាច់និយាយក៏ ហេយ៉ុន អាចដឹងបានដែរថាអ្នកណាជាអ្នកមានបញ្ហាបន្ទាប់ពីនោះ...»
«ឯងចង់ថាខ្ញុំអំពល់ទុកមែនទេ?»
«អត់ទេ! តែចង់ប្រាប់ថាមុនធ្វើអ្វីត្រូវចេះគិត បើមិនអាណិតស្រឡាញ់ខ្លួនឯង ក៏ត្រូវនឹកដល់ចិត្តអ្នកដែលស្រឡាញ់យើង! ប៉ា ម៉ាក់ បងជុងយ៉ុង សុទ្ធតែស្រឡាញ់ ហេយ៉ុន...តើ ហេយ៉ុន ចង់ឃើញគាត់ស្រក់ទឹកភ្នែករាល់ថ្ងៃពេលគ្មានយើងឬ?»
សម្តីមួយឃ្លានេះធ្វើឲ្យ ហេយ៉ុន ស្ងៀមស្ងាត់ម្តងទៀត មុននឹងព្រលែងឲ្យទឹកនេត្រាហូរចុះម្តងបន្តិចៗដោយភាពក្រៀមក្រំ។ ពិតណាស់ នាងគួរតែដឹងខ្លួនឯងជាងអ្នកណាទាំងអស់ថាវិថីដែលនាងកំពុងឈរ វាមិនមែនជាវិថីជីវិតដែលសាមញ្ញដូចបុរសក្បែរកាយម្នាក់នេះទេ ព្រោះគ្រប់សកម្មភាពរបស់នាងរមែងមានការឃ្លាំមើល និងបង្កើតជាអត្ថបទរាប់សិបត្រឹមវេលាមិនខ្លី។ ចំណែកឯស្នេហា ប្រៀបបាននឹងបន្លាដែលមករាំងជើងមិនអាចឲ្យនាងដើរបានដោយរលូន និងជោគជ័យនោះឡើយ ប៉ុន្តែនាងមិនដែលខ្លាចបន្លានេះនោះទេ មានតែអ្នកដែលដើរលើផ្លូវនេះជាមួយនាងតែប៉ុណ្ណោះដែលខ្លាច!
ចំណែកអ្នកដែលគេកំពុងនិយាយដល់បានត្រឹមអង្គុយនៅកន្លែងមួយដែលអាចសម្លឹងមើលមនុស្សសំខាន់របស់គេពីចម្ងាយបាន ដោយគ្រងនូវសម្លៀកបំពាក់ជិតលើជិតក្រោម និងមានម៉ាសការពារកុំឲ្យអ្នកណាស្គាល់បានដោយងាយៗ។ គេដឹងថាទីនេះមិនសុវត្ថិភាពសម្រាប់គេ តែគេក៏ចង់ឲ្យនាងយល់ពីគេ គេអាចធ្វើបានត្រឹមឈរនៅទីនេះផ្តល់កម្លាំងចិត្តឲ្យនាងតែប៉ុណ្ណោះ។
អ្នកអង្គុយចាំមើលការដើរម៉ូតដោយចិត្តអន្ទះសារ ខណៈអ្នកចាត់ការរបស់គេចេះតែខលតាមរកជាអន្លើៗ ម្ល៉ោះហើយគេក៏បិទទូរស័ព្ទចោលមួយខណៈ និងផ្តោតអារម្មណ៍លើការដើរម៉ូតជាបន្តដោយពុំដកក្រសែភ្នែក និងចាំត្រៀមថាវេលាណាស្រីតូចរបស់គេចេញមក?
ប៉ុន្តែនៅរាងស្តើងក្នុងឈុតហ្វេនស៊ីពណ៌ទឹកប្រាក់ផ្លេកដើរចេញមកពុំមែនជាមនុស្សដែលគេចង់ឃើញ អ្នកក៏ផ្លាស់ទឹកមុខជ្រួញចិញ្ចើមចូលគ្នាចាប់ផ្តើមដឹងដល់ភាពមិនស្រួលដែលមានក្នុងអារម្មណ៍។ មុននឹងហូតទូរស័ព្ទដៃមួយផ្សេងទៀតចុចទៅលេខរបស់នាង ប៉ុន្តែទោះជាចុចយ៉ាងណាក៏មិនចូល មិនថាប៉ុន្មានលើកប៉ុន្មានសា។ ម្ល៉ោះហើយអ្នកក៏សម្រេចចិត្តចុចទៅលេខអ្នកជាមិត្តម្នាក់ទៀត ដើម្បីសួរមើលថាគេបានដឹងរឿងអ្វីពីនាងឬមួយក៏អត់?
«យ៉ុងសេ» ម្ចាស់ទូរស័ព្ទសម្លឹងមើលឈ្មោះលើអេក្រង់ដោយក្រសែភ្នែកស្ងប់ស្ងាត់ ក្នុងខណៈតែមួយដែលគេស្ទើរតែចាំមិនបានថាម្ចាស់លេខនេះជាអ្នកណា? អ្នកញោចមាត់សើចហួសចិត្តបន្តិច មុននឹងសម្លឹងមើលទៅ ហេយ៉ុន ដែលទើបតែគេងលក់មុននោះតាមកម្លាំងថ្នាំ។
«អាឡូ!» ហ្គាន់ជូ ចុចទទួលការហៅចូលពីអ្នកម្ខាងទៀតដោយងើបដើរចេញទៅខាងក្រៅដោយមិនចង់រំខានអ្នកនៅខាងក្នុង។
«ខ្យល់អីបក់មនុស្សខ្ពង់ខ្ពស់ដូចឯងឲ្យខលមកយើង?»
«កុំដៀមដាមច្រើន! យើងចង់ដឹងរឿងរបស់ ហេយ៉ុន!»
«ហឺ? ចង់ដឹងរឿងអី?»
«កុំធ្វើពើ! យើងដឹងថាក្នុងស្ថានការណ៍ពេលនេះឯងប្រាកដជានៅក្បែរនាង ទើបយើងខលទៅឯង!»
«បើមែនវាយ៉ាងម៉េច?»
«យើងចង់ដឹងថានាងយ៉ាងម៉េចហើយ?» អ្នកម្ខាងទៀតគំហកតាមរយៈខ្សែសំឡេងធ្វើឲ្យ ហ្គាន់ជូ អត់មិនបាននឹងសើចចំអកដាក់គេបន្តិច មុននឹងបង្ហើយនូវឃ្លាសន្ទនាគួរឲ្យមួម៉ៅដាក់គេ។
«បើចង់ដឹងក៏អញ្ជើញមកបើកភ្នែកបើកត្រចៀកមើលខ្លួនឯង!»
«ឯងក៏ដឹងថាយើងទៅមិនបាន!»
«អើ...បើមិនបានក៏លែងដៃ! លែងដៃឲ្យគេមានសេរីភាពមិនមែនចងគេជាប់...»
«ឯងគិតថាយើងចង់?»
«អើ...បើមិនចង់ក៏លែងដៃទៅ!»
«ឯងមិនធ្លាប់ស្រឡាញ់អ្នកណា ឯងមិនយល់!» យ៉ុងសេ និយាយដូចជា ហ្គាន់ជូ មិនធ្លាប់យល់ពីអារម្មណ៍នេះ ប៉ុន្តែគេយល់ខុសហើយ ព្រោះតែយល់ច្បាស់ហ្នឹងហើយបានជាគេលះបង់គ្រប់យ៉ាងដើម្បីឲ្យនាងមានក្តីសុខ សប្បាយចិត្ត តែការពិតផ្ទុយស្រឡះ នាងបែរជាគ្មានក្តីសុខដូចការគិត មានត្រឹមតែភាពសោកសៅ និងទុក្ខសោក ខណៈអារម្មណ៍ទាំងនោះមិនអាចបង្ហាញបាន។
«ឯងស្គាល់យើងច្បាស់ពីពេលណា? គិតឬថាយើងមិនយល់? យើងយល់ច្បាស់ទៅវិញទេ ទើបយើងឈរនៅត្រង់នេះ...»

Comments