វិថីស្រពេចស្រពិល វគ្គ៤

ត្រឹមរយៈពេលពីរយប់បីថ្ងៃ វាខ្លីសម្រាប់មនុស្សដែលចូលចិត្តដើរកម្សាន្តនៅតំបន់កោះដែលមានទេសភាពស្អាត និងស្រស់បំព្រងដូចជា ជេជូ ប៉ុន្តែនាងជឿថាគង់មានឱកាសក្រោយដែលនាងអាចនឹងមកលេងទីនេះជាថ្មីម្តងទៀត។ ដំណើរកម្សាន្តមកកាន់ទីនេះជាលើកដំបូង តែនាងបែរជាជួបនឹងរឿងល្អៗច្រើន ទាំងភាពសប្បាយរីករាយចិត្ត មជ្ឈដ្ឋានធម្មជាតិដែលនាំឲ្យភ្លេចអស់កង្វល់ និងជាពិសេសបានបង្កើតមិត្តម្នាក់បន្ថែមទៀតក្នុងជីវិត។
ទាំង យេរ៉ីន និង ហារ៉ា ឈរញញឹមសម្លឹងទៅកាន់មិត្តភក្តិចំណូលថ្មី ដែលមិនដឹងថាអាចមានវាសនាជួបគ្នានៅ សេអ៊ូល ម្តងទៀតឬក៏អត់នោះឡើយ។ ហ្គាន់ជូ ដើរតម្រង់មករកអ្នកទាំងទ្វេរដោយមានឱបសៀវភៅរបស់ The Magic Group មកតាមកជាមួយ ដែលធ្វើឲ្យ យេរ៉ីន បើកភ្នែកធំៗមិននឹកស្មានថាគេនិយាយពិតមែនទាល់តែសោះ។ គិតបែបនេះហើយ យេរ៉ីន សែនអាណិតគេដែលខំធ្វើវាដើម្បីនាង តែនាងបែរជាដើរចោលគេនៅយប់នោះទៅវិញ!
«យេរ៉ីនអើយយេរ៉ីន! មើលទៅជាតិនេះឯងមានសំណាងបានជួបមនុស្សល្អៗប៉ុន្មាននាក់ទៀត?» យេរ៉ីន នឹកស្ងើចសរសើរសំណាងខ្លួនដែលបានជួបមនុស្សល្អៗដូចជា ហ្គាន់ជូ ដោយរំពឹងថាបើក្នុងជីវិតនាងបានជួបមនុស្សដែលមានសច្ចៈដូចគេគ្រប់គ្នា ម្ល៉េះសមជីវិតនាងនឹងបានប្រសើរជាងនេះបន្តិចយ៉ាង។ ប៉ុន្តែមិនថ្វី ជីវិតត្រូវតែមានការតស៊ូតទៅមុខ បរាជ័យម្តងពីរដងវាមិនមែនជាបញ្ហា តែវានឹងក្លាយជាបញ្ហាបើសិនជាយើងបោះបង់ជីវិតយើងឲ្យនៅតែតោលកណ្តាលទី។
«នេះសៀវភៅ! សង្ឃឹមថាអ្នកនាងនឹងចូលចិត្តស្នាដៃរបស់ពួកគេ!»
«ប្រាកដស្រាប់ហើយ...ស្នាដៃរបស់ពួកគេគួរឲ្យចូលចិត្តណាស់!» យេរ៉ីន បន្ទរដោយស្នាមញញឹម រួចហុចដៃទៅត្រកងសៀវភៅទាំងប្រាំមួយក្បាលមកឱបជាប់ខ្លួន មុននឹងលើកដៃគ្រវីលាគេត្រឡប់មកសេអ៊ូលវិញ។
«លាសិនហើយណា៎!»
«ហ្អឺ...» ហ្គាន់ជូ ងក់ក្បាលតិចៗ ដោយឈរដាក់ដៃលូកហោប៉ៅដោយដៃម្ខាង ឯដៃម្ខាងទៀតលើកគ្រវីស្រស់ស្រីទាំងទ្វេដោយស្នាមញញឹម និងពេញចិត្តដែលបានស្គាល់នារីទាំងពីរប្រាណ។ ចំណែកឯ យេរ៉ីន ក៏ងាកមកញញឹមដាក់អ្នកកំលោះម្តងទៀតជាការអរគុណ មុននឹងលើកដៃគ្រវីលាគេតិចៗបែបអឹមអៀន ខណៈខាងប្រុសនៅតែញញឹមតបងក់ក្បាលដាក់តិចៗមុននឹងស្រែកហៅឈ្មោះស្រស់ស្រី។
«យេរ៉ីន!»
«ហ្អឹស?» យេរ៉ីន ធ្វើមុខឆ្ងល់ពេលដែលខាងប្រុសហៅឈ្មោះនាង និងដើរមករកនាងដោយឫកពាចម្លែកៗមិនហ៊ានសម្លឹងមុខនាងចំៗទេ ជាពិសេសកាន់តែដើរមកជិតនាង គេក៏កាន់តែមិនសម្លឹងមុខនាងដោយសម្លឹងទីផ្សេង និងខាំមាត់បែបខឹងនឹងខ្លួនឯងដែលមិនហ៊ាននិយាយនូវដែលខ្លួនចង់និយាយ។
«យ៉ាងម៉េច?»
«អើ...» ហ្គាន់ជូ នៅអេះអុញមិនដឹងប្រាប់អ្នកចំពោះមុខបែបណាល្អ? គេមានអារម្មណ៍ថាវាដូចជាមិនសូវទំនងយ៉ាងម៉េចក៏មិនដឹង តែវាពិតជាគួរឲ្យស្តាយបើសិនជាមិនបានធ្វើវាដូចគ្នា។
នៅទីបំផុត ហ្គាន់ជូ ក៏សម្រេចចិត្តលោមុខទៅកៀកនឹងរាងស្តើង ធ្វើឲ្យស្រស់ស្រីត្រូវទ្រេតខ្លួនមកក្រោយផ្អិបនឹងជញ្ជាំទ្វារឡានដោយខានមិនបាន និងត្រូវលើកដៃមកទប់កាយគេតិចៗដោយចៀសមិនរួចតាមសញ្ជាតិញៀន
«គិតថាខ្ញុំចង់ធ្វើអ្វី?» ហ្គាន់ជូ និយាយខ្សឹបតិចៗល្មមស្តាប់បានតែពីរនាក់ ក្នុងចេតនាចម្អន់ខាងស្រីដោយគេដឹងច្បាស់ថាគ្មាននរណាម្នាក់នឹងមិនគិតផ្តេសផ្តាសព្រោះពេលនេះគម្លាតមុខគេនិងនាងសល់ត្រឹមមួយចុងអង្ករប៉ុណ្ណោះ។ សាកគិតមើលថាមនុស្សប្រុសបង្ខិតមុខទៅកៀកមនុស្សស្រីត្រឹមគម្លាតប៉ុណ្ណេះដើម្បីនិយាយធម្មតាដូចគេឬ? បើមានមែនទើបចម្លែក!
«គ្ម...គ្មានអីទេ!» យេរ៉ីន ធ្វើមុខមិនសមពេលដឹងថា ហ្គាន់ជូ ទំនងជាលលេងនឹងនាង មើលទៅអំឡុងពេលបីថ្ងៃនេះនាងប្រហែលបើកឱកាសឲ្យប្រុសកំលោះម្នាក់នេះស្គាល់នាងច្រើនពេកទេដឹងបានជាគេហ៊ានលលេងនឹងនាងដល់ថ្នាក់នេះ?
«ហ្អ៎...ខ្ញុំស្មានតែអ្នកនាងគិតថាខ្ញុំចង់ថើបអ្នកនាងទេតើស៎! ខំតែអរ...»
«និយាយផ្តេសផ្តាស!»
«ហ្អឹម...» ហ្គាន់ជូ ងក់ក្បាលផ្ងក់ៗតាមសម្តីរបស់ខាងស្រី មុននឹងខិតចូលទៅកៀកបន្ថែមទៀតធ្វើឲ្យ យេរ៉ីន រហ័សងាកមុខគេចញ៉ាំងចុងច្រមុះស្រួចត្រូវប៉ះផែនថ្ពាល់សខ្ចីដោយខានមិនបាន។
«ទៅវិញកុំភ្លេចអានរឿងនេះណា៎!» ហ្គាន់ជូ និយាយតែប៉ុណ្ណោះ ក៏ដកខ្លួនមកវិញដោយស្នាមញញឹមចូលចិត្តដែលបានញ៉ោះនារីម្នាក់នេះ។ «យ៉ាប់!» យេរ៉ីន បន្លឺសំនួនដូចមិនចូលចិត្តប៉ុន្តែក៏រក្សាស្នាមញញឹមចូលចិត្តនៅលើផ្ទៃមុខ មុននឹងបើកទ្វារឡានចូលទៅអង្គុយក្បែរអ្នកជាបងដែលកំពុងបើកភ្នែកធំៗតាមសម្លឹងមើលវង់ភ័ក្ត្រអ្នកជាប្អូនតាមរបៀបថាស្ទើរមិនជឿថាគេទាំងពីរវិវត្តន៍លឿន លឿនដល់ថ្នាក់នាងតាមមិនទាន់។

Comments