វិថីស្រពេចស្រពិល វគ្គ៥

«តុ តុ តុ!» សំឡេងគោះទ្វារបន្ទប់បន្លឺឡើងធ្វើឲ្យអ្នកដាក់ខ្លួនដល់ផ្ទៃគ្រែត្រូវបន្លឺសំឡេងខ្សាវៗសួរទៅកាន់អ្នកខាងក្រៅ។
«អ្នកណា?»
«គឺបង!»
«ចា៎...» ឮតែប៉ុណ្ណោះ យេរ៉ីន រហ័សក្រោកទៅបើកទ្វារបន្ទប់ឲ្យអ្នកជាបង តាមដោយការងឿងឆ្ងល់ថាហេតុអ្វីក៏បងនាងមករកនាងនៅវេលាយប់ថ្មើរនេះ? ឬចង់មកបន្ទោសរឿងតមាត់នឹងភ្ញៀវកាលពីវេលាល្ងាចឬយ៉ាងម៉េច? តែក៏គិតថាបើគាត់ចង់ស្តីឲ្យក៏ស្តីឲ្យពេលចប់ម៉ោងការងារបាត់ទៅហើយ មិនមែនទើបតែមកនឹកឃើញស្តីឲ្យនោះឡើយ។
«បងមានអីមែនទេ?» បន្ទាប់ពីបើកទ្វារឲ្យអ្នកជាបងចូលមកខាងក្នុងរួចហើយ យេរ៉ីន វាចាសួរអ្នកជាបងភ្លាមៗដោយមិនទុកយូរ ព្រោះដឹងថា ហារ៉ា ប្រាកដជាមានរឿអ្វីនឹងខ្លួនជាមិនខានបើមិនដូច្នោះក៏មិនមករកខ្លួនទាំងពេលថ្មើរនេះដែរ។
«ចង់សួរឯងថាមានភ្លេចអ្វីឬអត់?»
«ភ្លេច?»
«ហ្អឺ...រកនឹកបន្តិចមើល!» ហារ៉ា ឈរក្រពាត់ដៃផ្អែកនឹងទ្វារបន្ទប់ សម្លឹងមើលអ្នកដែលទម្លាក់ខ្លួនរមៀលចុះឡើងបែបមិនខ្វាយខ្វល់អ្វីទាល់តែសោះ។
«អូ!» គ្រាន់តែនឹកឃើញភ្លាមថាខ្លួនភ្លេចអ្វី យេរ៉ីន រហ័សងើបត្រង់ខ្លួនភ្លឹង ស្រវ៉ាទាញកាបូបស្ពាយក្បែរខ្លួនមកបើកមើលថាសៀវភៅប្រលោមលោករបស់នាងមាននៅក្នុងនោះទេ តែក៏ត្រូវគាំងធ្មឹងពេលក្នុងការបូបស្ពាយសល់ត្រឹមតែបណ្ណខិតបណ្ណ ខ្សែកាស និងកាបូបលុយ ចំណែកឯសៀវភៅរបស់នាង? សៀវភៅរបស់នាងបាត់ទៅណា?
«នេះសៀវភៅរបស់ឯង! មើលហើយរៀនទុកដាក់ឲ្យបានត្រឹមតូវផង កុំចោលតែផ្តេសផ្តាស...នេះសំណាងហើយបងឃើញបងយកទុក នេះបើម៉ាក់ឃើញប្រាកដជាចូលធុងសម្រាមហើយ!»
ពេលឮបែបនេះ យេរ៉ីន រហ័សរត់ទៅទទួលសៀវភៅពីអ្នកជាបង មុននឹងរកនឹកមើលថាសៀវភៅនេះខ្លួនទុកនៅឯណា បានជាបងនាងនិយាយដូច្នេះ?
«ហ្អ៎...ចំជាយ៉ាប់មែនខ្ញុំ!» យេរ៉ីន អត់បន្ទោសខ្លួនមិនបាន ពេលចាំបានថាកាលពីព្រឹកនាងបានកាន់សៀវភៅនោះទៅតាម ដោយមិនទាន់ដាក់ក្នុងកាបូបស្ពាយទេព្រោះគិតថាកាន់អានលើរថយន្តក្រុង តែមានឯណាពេលចេញទៅក៏ទៅបាត់ភ្លេចសៀវភៅនេះនៅលើធ្នើស្បែកជើងធ្វើមិនដឹង។ នេះសំណាងប៉ុណ្ណាដែលម៉ាក់នាងមិនឃើញសៀវភៅ កុំអីប្រាកដជាមានរឿងបែកអូរហូរជាស្ទឹងទៀតមិនខាន!
«អរគុណបងសម្លាញ់!» យេរ៉ីន រហ័សឱបរាងកាយអ្នកជាបងដោយភាពអំណរ និងថើបថ្ពាល់គាត់តិចៗជាការអរគុណពេល ហារ៉ា យកសៀវភៅនេះទុកឲ្យនាង។
«បានហើយ! ជាំថ្ពាល់បងអស់ហើយ!» ហារ៉ា អង្អែលថ្ពាល់ខ្លួនឯងតិចៗធ្វើដូចជាការពិត ប៉ុន្តែវាគ្រាន់តែជាលេងសើចរបស់នាងចំពោះប្អូនប៉ុណ្ណោះ។ ចំណែក យេរ៉ីន ក៏ពេបមាត់បែបមិនជឿ រួចសកសម្តីទៅអ្នកជាបងភ្លាមៗមិនឲ្យចាញ់ចិត្ត។
«ប្អូនថើបតិចតួចសុទ្ធតែខ្លាចជាំ...»
«ត្រូវហើយ!» ហារ៉ា ញាក់ចិញ្ចើមតបវិញថាវាអ៊ីចឹងពិតមែន មុននឹងនិយាយសកបកត្រឡប់វិញ។
«ហើយមានទាក់ទងទៅម្ចាស់សៀវភៅហើយឬនៅ?»
«ហ្អើស?»
«កុំធ្វើមុខភ្លើដាក់បង!» និយាយដល់ត្រឹមនេះ ហារ៉ា ដើរចូលទៅក្នុងបន្ទប់អ្នកជាប្អូនដោយមិនភ្លេចបិទទ្វារយ៉ាងថ្នមៗ ព្រោះខ្លាចរំខានដំណេករបស់អ្នកផ្ទះ។ បន្ទាប់មក ហារ៉ា ក៏ដាក់ខ្លួនលើពូកក្បែរកាយម្ចាស់បន្ទប់ថ្នមៗ ដោយឈោងដៃទៅដណ្តើមសៀវភៅនោះពីអ្នកជាប្អូនមកបើកទំព័រក្បាលដំបូង រួចបង្ហាញទៅអ្នកម្ខាងទៀត។
«ចុះនេះអី? កុំមកប្រាប់បងថាវាជាលេខដែលឯងសរសេរអី បងមិនមែនក្មេងថ្នាក់ទីប្រាំទេ! យ៉ាងម៉េចដែរប្រាប់បងខ្លះមកបងចង់ដឹង!»
«ហ្អឺ!» យេរ៉ីន ធ្វើមុខស្អុយមិនពេញចិត្តនៅពេលអ្នកជាបងតាមជាន់មិនព្រមលែងនាងដោយងាយៗ។ វាល្អទេបើនាងប្រាប់ថា អូខេ ពេលនេះបានទាក់ទងទៅហើយ ហើយជជែកគ្នាតាមឆាតរាល់យប់? ចង់ឲ្យប្រាប់បែបនោះឬ? ហ្អឺ...
«កុំរកលេសបង្វែរដាន បងមិនព្រមស្តាប់! បងចង់ដឹងថាពេលនេះឯង និងគេយ៉ាងម៉េចហើយ?»
«ហារ៉ា! ក៏ធ្លាប់ប្រាប់ម្តងរួចហើយថាត្រឹមជាមិត្ត ពួកខ្ញុំមិនមានអ្វីលើសហ្នឹង
«អូខេៗ! មិត្តក៏មិត្ត តែបងចង់ដឹងថាមានខលទៅគេខ្លះទេ? មាននិយាយអីដែរឬអត់ ព្រោះគេខំយកសៀវភៅមកឲ្យឯង!»
«សួររួចហើយ គេថាគេអត់ចង់បានគុណតបវិញទេ! ត្រឹមខ្ញុំចូលចិត្តអានវាបានហើយ...»
«ហ្អឹម...» ហារ៉ា ងក់ក្បាលផ្ងក់ៗតាមសម្តីអ្នកជាប្អូនដោយរក្សាស្នាមញញឹមចម្អន់នៅលើផ្ទៃមុខ ដូចកំពុងគិតថាទំនាក់ទំនងគេទាំងពីរនាក់ដំណើរការបានល្អជាងការដែលនាងគិត ហេតុដូច្នេះមិនមានអ្វីគួរឲ្យបារម្ភទេ!
«ញញឹមអី?» ដោយមិនអស់ចិត្តពីការងក់ក្បាលផ្ងក់ៗរបស់អ្នកជាបង យេរ៉ីន អត់មិនបាននឹងសួរបន្តពេលឃើញថា ហារ៉ា នៅតែញញឹមដូចកំពុងគិតទៅទីផ្សេង ខុសពីអ្វីពាក្យសម្តីដែលបានប្រាប់ថាយល់ពីរឿងនាងនិងគេ។

Comments