
«បានទេ? មើលថែវាឲ្យខ្ញុំ?» អ្នកកំលោះនិយាយដោយសំឡេងរឹងបន្តិចពេលស្រីតូចមិនឆ្លើយ
គេខិតចូលទៅរកនាងដោយឫកពាដាក់សំពាធ ព្រមទាំងលូកដៃច្បិចចុងចង្ការក្មេងក្បាលរឹងដែលលាក់មុខចុះឲ្យសម្លឹងចំភ្នែកខ្លួន។
«ព្រមទេ?» សំណួររង្កៀលចិត្តធ្វើឲ្យ
លីតា ពិបាកនឹងឆ្លើយពេលឃើញក្រសែភ្នែកប្រាកដប្រជាមួយគូនោះខ្លំាងណាស់។
នាងព្យាយាមរើចេញពីការច្បិចចុងចង្ការ
ហើយប្រុងនឹងហាមាត់បដិសេធន៍សំណើនេះ
តែក៏ធ្វើមិនបានពេលបបូរមាត់ក្រាស់ទម្លាក់មកបបូរមាត់តូចស្រស់របស់នាងក្នុងន័យបញ្ជាក់ថាគ្មានអ្វីដែលគេយកមិនបាន
បើគេចង់បានទៅហើយនោះជាពិសេសនារីម្នាក់នេះ បើទោះជាប្អូនរបស់មិត្តភក្តិគេក៏ដោយក្តី
ក៏គេមិនលើកលែងដែរ។
រលកសមុទ្រធំៗដែលបោកបក់កាលពីវេលាល្ងាចជ្រេ
ក៏ប្រែជាស្ងប់ទៅតាមកាលវេលា
រស្មីពណ៌មាសចាំងឆ្លុះនឹងទឹកសមុទ្រល្ហល្ហេវដាច់កន្ទុយភ្នែករំលេចបាននូវទេសភាពធម្មជាតិដ៏ល្អប្រណិតជាងគំនូរដែលគូរដោយវិចិត្រករទៅទៀត។
វគ្គ១
ថ្ងៃរះខ្ពស់ហួសផុតផ្ទៃមេឃា ធ្វើឲ្យអ្នកដែលកំពុងពួនសំងំនៅលើគ្រែចាប់ផ្តើមទើរទែនឹងការប្រឈមមុខនឹងពាក្យប្រកាសក្តែងរបស់អ្នកខ្លះកាលពីមុននោះមក។
«បានហើយ លីតា! ឯងមិនគួរខ្លាច គ្រាន់តែរឿងប៉ុណ្ណឹងៗ...បើមិនពេញចិត្តក៏ប្រាប់គេទៅ...មែនទេ?» លីតា ស្តីឲ្យខ្លួនឯងជាច្រើនលើកច្រើនសារ
តែក៏ឃើញថាវាមិនងាយដូចជាការគិតទាល់តែសោះ ព្រោះតាំងពីពេលនោះមក គេ...គេម្នាក់នោះក៏តាមនាងស្អិតធ្វើមើលតែតុកកែដល់ថ្នាក់អ្នកជាបងរបស់នាងនិយាយហើយក៏គេមិនព្រមស្តាប់
តើឲ្យនាងប្រកែកយ៉ាងម៉េច?
«ហ៊ើយ!» លីតា ដកដង្ហើមធំម្តងទៀត មុននឹងក្រោកទៅប្រឈមមុខនឹងគោចាស់ដែលចង់ស៊ីស្មៅខ្ចី
មួយថ្ងៃៗគិតតែពីតាមជាប់បេះមិនចេញ។
«ឯងមានដឹងទេថាឯងធ្វើខ្លួនដូចស្ទាវអាយុខ្ទង់ម្ភៃណា៎ឯង!» រីឯអ្នកនៅខាងក្រោមក៏អត់មិនបាននឹងស្តីបន្ទោសនរៈជាមិត្ត
ព្រោះគេម្នាក់គិតតែពីមកផ្ទះរបស់ខ្លួនរាល់ថ្ងៃ
តែងខ្លួនសង្ហារាល់ថ្ងៃទាំងដែលខ្លួនមានអាយុក្បាលសាមទៅហើយនៅតែមិនព្រមធ្វើខ្លួនឲ្យចាស់ទុំតាមអាយុ...បើបែបនេះតើឲ្យគេទុកចិត្តឲ្យប្អូនស្រីទៅម្តេចបាន?
«បានហើយអនាគតបងថ្លៃ!...នេះឯងកុំពូកែគិតគូពីរឿងយើងពេកបានទេ? គិតតែខ្លួនឯងទៅ អាយុឯងតិចណាស់ហ្អី? ក្បាលសាមដូចតែគ្នា គ្រាន់តែឯងបាន នីរ៉ា ជាភរិយាមាន កន្យា
ជាកូនបណ្តូលចិត្តហើយភ្លេចយើងតែប៉ុណ្ណោះ...តែថា លីតា គេមិនចុះមកក្រោមទេហ្អី? នេះគ្នាមកយូរហើយ...»
«បើខ្ញុំជា លីតា ក៏ខ្ញុំមិនចុះមកឲ្យលោកឃើញមុខដែរ!» មនុស្សស្រីសុភាពរាបសារ តែមានថ្វីមាត់ក៏ត្រលប់មកវិញដោយមាន
កន្យា មកជាមួយដែលតែងខ្លួនយ៉ាងស្អាត ហាក់កំពុងតែត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីណាមួយ។
«អីយ៉ាស់ ថ្ងៃនេះតែងខ្លួនស្រស់ស្អាតម្ល៉េះព្រះនាងតូច?» វិសុទ្ធ ជ្រើសមិនឆ្លើយនឹង នីរ៉ា តែងាកមកនិយាយនឹង កន្យា
តាមការសម្គាល់របស់ នីរ៉ា និងបញ្ញាវ័ន វិញ។
រីឯអ្នកដែលត្រូវគេនិយាយដល់
ក៏ចុះមកជាមួយនឹងសំលៀកបំពាក់តាមស្ទាយយុវវ័យពាក់អាវយឺតតុក្កតាពណ៌សស៊កពីក្រោមសំពត់វែងត្រឹមស្មងជើងស្តើងដែលមានសំពត់ទ្រាប់ត្រឹមលើជង្គង់
បង្ហាញជើងវែងស្រឡូនស្អាតដូចតារាបង្ហាញម៉ូត។
សក់វែប្រះស្មាពណ៌គ្រាប់អំពិលត្រូវបានទម្លាក់ដោយមានមូលរួញភ្លីធំទឹករលកប្រេដេញចុះ
សមនឹងផ្ទៃមុខសម៉តសាកសមនឹងការតែងមុខតាមបែបធម្មជាតិជាខ្លាំង។
«លោកពូ...ចំហមាត់ធំម្ល៉េះ?» ពេលឃើញពូកំលោះដកក្រសែភ្នែកចេញពីខ្លួន
ហើយចំហមាត់ធំបែបនោះក្មេងតូច កន្យា
ក៏អត់នឹងសួរគេមិនបានថាមានមូលហេតុអ្វីបានជាធ្វើឲ្យពូម្នាក់នេះទៅជាបែបនេះបាន?
កាលបើឮសំណួរនេះ អ្នកជាម្តាយឪពុករបស់ កន្យា
ក៏ញោចមាត់ញញឹមដាក់គ្នា
រួចងាកទៅកាន់ប្រភពដែលធ្វើមិត្តមុខសង្ហាភាំងភ្លឹកនៅស្ងៀមបាត់មាត់ស្ងាត់ជ្រាបបែបនោះ។
កាលបើងាកទៅ ក៏ដឹងថាជាអ្នកណា? តែក៏មិននឹកស្មានសោះថាថ្ងៃនេះ លីតា តែងខ្លួនបានស្រស់ស្អាតថ្នាក់នេះ
ជាពិសេសក្នុងឈុតនេះតែម្តង។
«បងស្មានតែឯងមិនព្រមទៅដើរលេងជាមួយនឹង វិសុទ្ធ ទេតើស៎...ហើយនឹកឃើញយ៉ាងម៉េចបានជាប្តូរចិត្តបែបនេះ?» គ្រាន់តែមកដល់ក្រោមមិនទាន់ស្រួលបួលផង
អ្នកជាបងក៏ផ្តើមសំណួរដែលធ្វើឲ្យអ្នកជាប្អូនត្រូវរង្គៀសចិត្ត
និងសម្លឹងហួសទៅរកមូលហេតុដែលកំពុងពួនសើចយ៉ាងពេញចិត្តនៅម្ខាងទៀត។
«ក៏មិនចង់ទៅទេបើកុំតែ...»
«ថាម៉េច?» បញ្ញាវ័ន
សួរបញ្ជាក់ពេលឃើញថា លីតា
កំពុងរអ៊ូអ្វីម្យ៉ាងតែគេស្តាប់មិនដឹងថានាងកំពុងតែរអ៊ូរឿងអី រួចក៏ងាកទៅរក វិសុទ្ធ
ដោយចង់ដឹងថាគេមានបង្ខំ លីតា ឬមួយក៏អត់?
«កុំមកមើលមុខយើងបែបនេះវ៉ើយ!» ចំណែកម្ចាស់ដើមហេតុរហ័សរកលេសគេចយករួចខ្លួន មុននឹងរេភ្នែកសម្លឹងមើលម្រាមដៃស្រឡូនតូចដូចបន្លាក្រូចរបស់អ្នកខ្លះថាមានជាប់មកនូវវត្ថុប្រចាំគ្រួសារឬក៏អត់?
តែគេក៏ត្រូវធ្វើមុខឆ្ងល់លើកចិញ្ចើមជាសញ្ញាសួរដាក់ខាងស្រី
ធ្វើឲ្យអ្នកជាបងត្រូវទះស្មាអ្នកតិចៗដើម្បីកុំឲ្យគេរករឿងប្អូនរបស់ខ្លួនបន្តទៅទៀត។
«នៅមើលមុខគ្នាបែបគូសត្រូវយូរទៀតទេ? បើថាឯងមិនទៅទេ យើងទៅតែគ្រួសារយើងបីនាក់ក៏បាន
ចំណែកឯងពីរនាក់នេះនៅឈ្លោះគ្នានៅផ្ទះហ្នឹងសិនហើយ...តោះ កន្យា មកប៉ាៗមកកូន!» បន្ទាប់ពីនិយាយកាត់ វិសុទ្ធ បានបន្តិចរួចមក
បញ្ញាវ័នក៏ងាកទៅនិយាយបុត្រីសំណព្វចិត្ត
ហៅនាងឲ្យមកក្បែរដើម្បីរៀបចំខ្លួនចេញដំណើរកម្សាន្តនាថ្ងៃសម្រាកចុងសប្តាហ៍។
«ឆឹះ!» ចំណែកឯ លីតា ក៏មិននិយាយអ្វីច្រើនក្រៅពីធ្វើមុខក្រម៉ូវដាក់អ្នកម្ខាងបន្តិច
មុននឹងដើរហួសគេទៅដោយមិនចាប់អារម្មណ៍។
កំលោះវ័យសាមស្តើងបានត្រឹមទល់អណ្តាតនឹងថ្ពាល់ដោយការហួសចិត្ត
នឹកស្ងើចខ្លួនឯងដែលមកចាប់អារម្មណ៍នឹងក្មេងស្រីចរិតឌឺដងមិនចេះទន់ភ្លន់បែបនេះទាល់តែសោះ
ដែលវាខុសពីចំណូលចិត្តរបស់គេខ្លាំង...សរុបមកគេកើតអី?
«កុំបង្ខំអី! លោកក៏ដឹងមែនទេថា លីតា នាងនៅក្មេង ហើយនាងមានចរិតបែបណា? បើស្រលាញ់ក៏ទ្រាំបន្តិចទៅ!» បន្ទាប់ពីឃើញសភាពតឹងចិត្តរបស់ វិសុទ្ធ អ្នកម្តាយដូចជា
នីរ៉ា ក៏ចិត្តមិនដាច់ អត់នឹងអាណិតគេមិនបាន
ទើបវាចារលើកទឹកចិត្តក្នុងនាមជាមិត្តឲ្យគេបានដឹងថាមនុស្សស្រីដូចជា លីតា
ប្រហែលជាត្រូវប្រើពេលយូរបន្តិចដើម្បីឲ្យនាងដឹងថាខ្លួននាងត្រូវការអ្វី ចង់បានអ្វី
និងស្រលាញ់អ្វី?
«ហ៊ើយ!» វិសុទ្ធ បានត្រឹមដកដង្ហើមធំ
និងដើរសកញ៉កតាមពីក្រោយម្ចាស់ផ្ទះចូលទៅអង្គុយនៅបាំងខាងក្រោយជាមួយនឹងមនុស្សស្រីក្បាលរឹងម្នាក់នោះ។
នៅតាមផ្លូវចេញពីរាជធានីតម្រង់ទៅខេត្តកំពង់ស្ពឺមានសភាពកកស្ទះត្រង់កន្លែងមួយចំនួនដូចជាត្រង់ផ្សាពោធិចិនតុង
រង្វង់មូលបំបែកផ្លូវជាតិលេខ៣ និងលេខ៤ ជាដើម។ ប៉ុន្តែបន្ទាប់ពីហួសនោះមក
ទេសភាពធម្មជាតិតាមបែបជនបទស្រុកស្រែចម្ការក៏កើតមានហូហែញ៉ាំងឲ្យអារម្មណ៍អ្នកធ្វើដំណើរទាំងប្រាំអ្នករាងធូរស្បើយអស់ភាពស្មុគចិត្តជាបណ្តើរៗ។
«លោកពូ មើលនោះន៎! អុំម៉ (គោ)» ក្មេងតូចដែលនៅលើភ្លៅស្រីស្រស់ងាកមុខមកហៅអ្នកជាពូឲ្យងាកមើលសត្វគោតាមកញ្ចក់បង្អួចខាងស្តាំដៃខ្លួន។
វិសុទ្ធ ញោចមាត់ញញឹមបន្តិចមុននឹងរំកិលខ្លួនមកក្បែរ លីតា
ដែលកំពុងតែមើលតាមការចង្អុលរបស់ក្មេងតូច។
ការដែលនាងមើលនេះមិនមែននាងមិនស្គាល់សត្វគោឡើយ តែភ្នែកចេះតែចង់មើលនេះមើលនោះតាមកិរិយា
និងបង្គាប់ប្រាប់របស់ព្រះនាងតូចក្នុងដៃ។
លីតា ញញឹមតិចៗពេលឃើញថាក្មេងស្រីម្នាក់នេះធំធាត់ឡើងបន្តិចម្តងៗ
ព្រមទាំងមានសុខភាព និងសភាពផ្លូវចិត្តល្អដូចកាលពីមុនវិញ
កាលបើនឹកដល់រឿងរ៉ាវដែលកើតមានកាលពីកន្លងទៅនោះ
លីតាស្ទើរតែមិននឹកស្មានដល់សោះថាមនុស្សស្រីម្នាក់នោះហ៊ានធ្វើបែបនោះដាក់ក្មេងស្រីតូចគួរឲ្យស្រលាញ់ដូចជា
កន្យា។
«ចូលចិត្តស្រុកស្រែឬ?» សំឡេងស្រាលៗរបស់អ្នកក្បែរខ្លួនបន្លឺឡើងក្បែរត្រចៀកនាង
ប៉ុន្តែនាងនៅមិនចាប់អារម្មណ៍នៅឡើយនោះទេ
ថែមទាំងឆ្លើយនឹងគេដោយសំណួនស្រាលៗដូចកំពុងរវើរវាយទៅទីកន្លែងណាមួយក៏មិនដឹង។
រីឯកែវភ្នែកទាំងគូចេះតែរំពៃទៅខាងក្រៅដោយមិនចាប់ថ្នាក់ថាមានភ្នែកមួយគូទៀតកំពុងសម្លឹងមើលផែនមុខស៊ីជម្ពូស្រស់ស្អាតរបស់នាងដោយការពេញចិត្តនោះឡើយ។
«ហ្អឹម...ឃើញហើយនឹកផ្ទះណាស់!»
«ចង់ទៅទេ? ចាំជូនទៅ!» នរៈនិយាយតបតាមអន្លង់គំនិត
គិតថានឹងយកចំណុចនេះមកតាមចងជើងនារីវ័យក្មេងឲ្យបាន
តែអ្នកណាទៅដឹងគ្រាន់តែនិយាយដល់ត្រឹមហ្នឹងម្ចាស់ខ្លួនក៏ភ្ញាក់ខ្លួនឡើងវិញ
រួចងាកមុខមកសម្លក់អ្នកថ្លែដូចប្រកាន់ខឹងអ្នកតាំងពីជាតិណាមកយ៉ាងដូច្នោះដែរ។ ឯ កន្យា
ដែលនៅកណ្តាលក៏ទះដៃម៉ាក់មីងផាច់ៗធ្វើឲ្យ លីតា សម្លឹងមុខស្រីតូចដោយចម្ងល់
មុននឹងចាប់បង្វែរក្មេងតូចឲ្យបែរមករកខ្លួន។
«ម៉េចក៏វាយម៉ាក់មីងបែបនេះ?»
«មកពីម៉ាក់មីងជាក្មេងមិនល្អ!»
«មីងជាក្មេងមិនល្អពីពេលណា?»
«ម៉ាក់មីងចូលចិត្តលោកពូមើលមុខលោកពូបែបនោះ...» ដល់ត្រឹមហ្នឹងម្ចាស់សាមីខ្លួនក៏ត្រូវស្ងាត់
រួចដៀងភ្នែកទៅមើលអ្នកដែលកំពុងពួនសើច និងខំាធ្មេញគ្រឺតដាក់គេថែមទៀតផង
ប៉ុន្តែមានឬដែល វិសុទ្ធ ខ្លាច? គេមិនត្រឹមតែមិនខ្លាច
ហើយនៅអស់សំណើចនូវអ្វីដែល កន្យា បាននិយាយថែមទៀតផង។
«សែនឆ្លាតណាស់ក្មួយពូ! អ្នកណាបង្រៀនហ្អាស៎?»
«រៀនពីម៉ាក់មីងហ្នឹងហើយ!»
«រៀនពីម៉ាក់មីងឬ?» លីតា សួរដោយក្តីភ្ញាក់ផ្អើល នាងគិតថានាងដូចជាមិនដែលបានបង្រៀន កន្យា
ពីរឿងសម្លក់អីអស់ហ្នឹងទេ ហេតុអ្វីក៏ព្រះនាងរបស់នាងនិយាយបែបនេះទៅវិញ?
«ម៉ាក់មីងបង្រៀនបែបនេះពីពេលណាទៅ?»
«គឺពេល
កន្យា ខឹង អេឌែន នោះអី? ពេល កន្យា សម្លឹងទៅ អេឌែន បែបហ្នឹងម៉ាក់មីងប្រាប់ថា កន្យា
ក្មេងអត់ល្អទេ...ក្មេងល្អគេមិនមើលមនុស្សធំជាងយើងបែបនេះទេ!» កន្យា
និយាយដោយធ្វើភ្នែកម៉ក់ៗបែបមិនដឹងអី ញ៉ាំងឲ្យ លីតា ត្រូវទម្លាក់ភ្នែកចុះ
ដ្បិតចាញ់សម្តីក្មេងស្រីមហាឆ្លាតដូចជា កន្យា
ដែលចងចាំគ្រប់ពាក្យគ្រប់ម៉ាត់ដែលនាងបង្រៀនបានយ៉ាងល្អ។
«អូខេៗ!
ម៉ាក់មីងជាក្មេងមិនល្អដែលមើលលោកពូដោយកែវភ្នែកបែបនោះបានទេ?»
«អូខេ!»
កន្យា ញញឹមរីកថ្ពាល់ពេលសមចិត្តនឹងសម្តីរបស់អ្នកជាម្តាយមីង
ដោយមិនដឹងទេថាមីងខ្លួនស្ទើរចេញផ្សែងតាមត្រចៀកទៅហើយទេ។
នៅពេល
កន្យា ឈប់ចាប់អារម្មណ៍នឹងខ្លួន លីតា ក៏ងាកមុខទៅរករឿង
លោកពូក្បែរកាយដោយភាពក្តៅក្រហាយដែលសុខៗនាងបែរជាត្រូវក្មេងមកណែនាំចរិត
ព្រោះតែគេម្នាក់ហ្នឹងឯង។
«ចង់យ៉ាងម៉េច?»
វិសុទ្ធ បន្លឺសំនួនតិចៗល្មមស្តាប់ឮតែពីរនាក់ ដ្បិតមិនចង់បំបាក់មុខនាងនៅមុខ កន្យា
ទៀតទេ។ គេដឹងថាក្មេងស្រីក្បាលរឹងម្នាក់នេះ ស្រឡាញ់មុខមាត់របស់ខ្លួនខ្លាំងណាស់
ដូច្នេះហើយគេមិនអាចញ៉ោះឲ្យនាងខឹងបន្តទៀតបានទេ ព្រោះកំពុងពិបាកតាមយកចិត្តស្រាប់ផង
បើខឹងស្អប់គេលើសនេះទៅមិនចប់ទៅហើយទេ?
«មកពីលោកហ្នឹង!»
«ហ្អាក៎?
ខ្ញុំធ្វើអី្វខុស? គ្រាន់តែសួរធម្មតាក៏ត្រូវយើងសម្លក់សម្លឹងហើយហ្នឹង?»
«ឆឹះ...ធ្វើដូចខ្លួនហ្នឹងត្រឹមត្រូវ!»
លីតា រអ៊ូរងូវៗមិនចូលចិត្ត
មុននឹងងាកទៅទីផ្សេងបញ្ជាក់ថាមិនចង់ចចារតបតនឹងគេម្នាក់នេះបន្តទៀតឡើយ
នាំឲ្យនាងក្តៅប្រព័ន្ធប្រសាទអាចនឹងច្របាច់កគេឲ្យស្លាប់ក្នុងខណៈនេះភ្លាមៗក៏ថាបាន។
«ហ្អឺ...»
វិសុទ្ធ ដកដង្ហើមធំហត់នឹងចរិតរឹងទទឹងគ្មានហេតុផលរបស់ខាងស្រីជាខ្លាំង
តែក៏អត់មិនបាននឹងញញឹមចូលចិត្តនាងដូចគ្នា។ បើទោះបីជាគេហត់ត្រូវរកនឹកពាក្យថ្មីៗ
ប្រយោគថ្មីៗសម្រាប់ដោះស្រាយបញ្ហារបស់នាងក្តី ក៏គេនៅតែចូលចិត្តនឹងជីវភាពបែបនេះ
ព្រោះនាងធ្វើឲ្យជីវិតគេមានភាពរស់រវើកឡើងមិនសាំដដែលៗដូចមនុស្សស្រីដទៃដែលគេធ្លាប់ជួបកន្លងនោះឡើយ។
កាលបើសម្លឹងមើលវាលស្រែល្វឹងល្វើយដាក់កន្ទុយភ្នែកយូរៗ
ភាពខ្សោះល្វើយហាក់ចូលខ្លួនមកបបោសអង្អែលអង្គប្រាណរបស់មីង
និងក្មួយឲ្យចាប់ផ្តើមងោកងក់ក្នុងខណៈតែមួយ។ ឃើញបែបនេះ វិសុទ្ធ
រហ័សលូកត្រកងព្រះនាងតូចក្នុងគ្រួសារមកដាក់លើភ្លៅរបស់គេ ដើម្បីឲ្យអ្នកជាមីងអាចសម្រាកបានសួ្រលបួលបន្តិច
ប៉ុន្តែមិនទាន់ទាំងដាក់ឲ្យ កន្យា គេងបានស្រួលបួលផង លីតា
ក៏ផ្តេកក្បាលមកលើស្មាគេថែមម្នាក់ទៀត។ នរៈឆ្មៀងភ្នែកសម្លឹងនាងដោយរអាចិត្តបន្តិច
មុននឹងញញឹមចូលចិត្តពេលឃើញឫកពានាងនាពេលនេះ
វាធ្វើឲ្យគេអត់នឹងគិតមិនបានថាបើនៅតែពីរនាក់គេ និងនាងវិញ
តើនាងហ៊ានគេងលក់ក្បែរគេបែបនេះទេ? មើលទៅប្រហែលមិនអាចទេយ៉ាង?
«ឲ្យ
កន្យា មកខ្ញុំមក!» វិសុទ្ធ រហ័សងាកមុខទៅម្ចាស់សំនួនខាងមុខវិញ
ពេលស្តាប់ឮថាអ្នកជាម្តាយចង់បានក្មេងតូចមហារពឹសទៅខាងមុខវិញ។
«មិនអីទេ
ខ្ញុំអាចពរនាងឲ្យគេបាន!»
«បានយ៉ាងម៉េច?
មើល លីតា ទៅមើលនាងកំពុងគេងលើស្មាលោកដែរ...នាំពិបាកទេ! ឲ្យ កន្យា មកខ្ញុំមក!»
ថាត្រឹមតែប៉ុណ្ណេះ នីរ៉ា រហ័សលោខ្លួនទៅត្រកង កន្យា
ថ្នមៗខ្លាចកូនសំណព្វចិត្តភ្ញាក់ពីដំណេក ជាហេតុឲ្យ វិសុទ្ធ អាចសម្រួលកន្លែងឲ្យ លីតា
ផ្តេកខ្លួនសម្រាកលើភ្លៅគេបានស្រួលខ្លួនជាងមុន។ នរៈសម្លឹងមើលមុខអ្នកគេងលក់ដោយអារម្មណ៍អណ្តែតត្រសែត
ដូចមិនមែនជាខ្លួនដូចសព្វដងទាល់តែសោះ។ គ្រប់ពេលបាននៅក្បែរនាង
គេគិតថាខ្លួនគេមិនមែនជាមនុស្សចាស់ទេ គេគ្រាន់តែជាក្មេងស្របាលៗនាងដែលចង់ឈ្នះ
ចង់ពត់ឲ្យក្មេងម្នាក់នេះចេះគោរពគេ និងឲ្យតម្លៃគេប៉ុណ្ណោះ
ប៉ុន្តែអ្នកណាទៅដឹងថាយូរៗទៅអារម្មណ៍ទាំងនោះបែរជាផ្លាស់ប្តូរធ្វើឲ្យគេចង់ឲ្យនាងមើលមកគេក្នុងនាមជាមនុស្សប្រុសម្នាក់ដែលអាចថែទាំនាងបាន
និងអាចឲ្យនាងអាចពឹងពាក់បានទៅវិញ ដែលវាខុសពីការគិតពីដំបូងឆ្ងាយសែនឆ្ងាយ។
«មិនដឹងក្បាលរឹងដល់ណាទេ?
តាមឡើងហត់ហើយនេះ...» វិសុទ្ធ អត់មិនបាននឹងរអ៊ូចំពោះមុខអ្នកគេងលង់លក់ដូចហត់នឿយអស់កម្លាំងមកជាយូរ។
បើគិតឲ្យមែនទែនទៅ គេខំតាមចែចង់នាងជិតពីរឆ្នាំដែរហើយ តែខាងស្រីនៅតែមិនអឺអើនឹងគេសោះ ឯចិញ្ចៀនដែលឲ្យក៏មិនព្រមពាក់នឹងម្រាមដៃដែរ
ពេលខ្លះគេក៏ហត់នឹងតាមយកចិត្តនាងដូចគ្នា តែពេលគិតថាខំចាយទុនចោលភាពជាព្រាននារីអស់ពីរឆ្នាំដែរហើយ
ដាច់ខាតត្រូវតែចាប់ក្មេងក្បាលខូចម្នាក់ហ្នឹងចូលរោងជ័យឲ្យបានដូចគ្នា។
«ហ្អឺ...»
លីតា រង៉េរង៉នឹងបំពង់កដោយដឹងដល់អារម្មណ៍ត្រជាក់សាយភាពក្រសោបព័ទ្ធរាងកាយ ធ្វើឲ្យ
វិសុទ្ធ រហ័សលូកទៅបង្វែរមុខស្លាបម៉ាស៊ីនត្រជាក់ឲ្យបែរទៅទិសផ្សេង
មិនធ្វើឲ្យរាងស្តើងដឹងដល់ភាពត្រជាក់ជាបន្ត។
ចំណែកអ្នកជាបងបានត្រឹមគ្រវីក្បាលពេលឃើញរូបភាពរបស់ព្រាននារីមុខស្រស់ដូចជាមិត្តគេ
ត្រូវមកធ្វើរឿងតូចតាចតាមយកចិត្តប្អូនគេឥតល្ហែបែបនេះដូចគ្នា។
ដំបូងគេគ្រាន់តែចង់លចិត្តអ្នកជាមិត្តប៉ុណ្ណោះថាលេងមែនទែនឬយ៉ាងណា? ប៉ុន្តែអ្នកណាទៅដឹងគេប្រាកដប្រជានឹងប្អូនរបស់អ្នកពិតមែន
ខណៈម្ចាស់សាមីខ្លួន...ហ្អឹម...មិនចង់និយាយដល់នោះឡើយ ដ្បិតម្ចាស់សាមីខ្លួននៅក្មេងនៅឡើយ
ក្មេងដល់ថា្នក់គេជាបងអត់បារម្ភមិនបានថាមិត្តរបស់គេអាចទប់ទល់រួចឬអត់?
តែពេលក្រឡេកមកមើលភរិយាសំណព្វចិត្តក្បែរកាយ
អ្នកក៏គិតដល់ភ្លាមថាគ្មានអ្វីដែលមិនអាចនោះឡើយ សូម្បីតែគេ និងនីរ៉ា
ក៏មានរឿងមិនតិចដែរ ទម្រាំបានមកឈរនៅត្រង់នេះនោះដែរ ហេតុដូច្នេះឧបសគ្គរបស់ វិសុទ្ធ
ប៉ុណ្ណេះវាតូចតាចប៉ុណ្ណោះ!
«វិសុទ្ធ!»
«ហ្អឺស?»
កាលបើអ្នកជាមិត្តបន្លឺសំនួនហៅឈ្មោះគេ ម្ចាស់ឈ្មោះគ្រាន់តែឆ្លើយនឹងគល់កដោយសំឡេងក្រអួនជាការទទួលតប
ធ្វើឲ្យ បញ្ញាវ័ន គ្រវីក្បាលរអាចិត្តនឹងគេម្នាក់នេះជាខ្លាំង។
«ឯងស្រឡាញ់
លីតា ពិតមែន?» សំណួរនេះធ្វើឲ្យ វិសុទ្ធ ងើបមុខឡើងសម្លឹងអ្នកបើកបរយឺតៗ ខណៈ នីរ៉ា
ក៏ងាកក្រោយមើលមកគេបន្តិច មុននឹងងាកទៅបន្ទោសស្វាមីតិចៗក្នុងន័យហាមប្រាម។
«បង!»
«បងដឹង...»
បញ្ញាវ័ន ងាកទៅប្រាប់អ្នកជាភរិយាថាគេដឹងថាគេកំពុងតែសួរអ្វី
គេគ្រាន់តែចង់ប្រាកដជាងនេះប៉ុណ្ណោះ ព្រោះគេដឹងថា វិសុទ្ធ
បានប្រគល់ចិញ្ចៀនប្រចាំគ្រួសារឲ្យទៅ លីតា ប៉ុន្តែគេបែរជាមិនព្រមចូលស្តី លីតា
តាមផ្លូវច្បាប់សោះ ម្ល៉ោះហើយក្នុងនាមជាបងម្នាក់គេគ្រាន់តែចង់ដឹងឲ្យប្រាកដថាមិត្តចង់យ៉ាងម៉េចឲ្យប្រាកដប៉ុណ្ណឹងឯង។
«ឯងក៏ដឹងថាយើងសួរនេះមិនមែនយើងមិនទុកចិត្តឯង
តែយើងចង់ដឹងពិតមែន ដ្បិតយើងគិតថាបើឯងប្រាកដប្រជានឹង លីតា ពិតមែន
ហេតុអ្វីមិនព្រមចូលស្តីរៀបការតែម្តងទៅវាឆាប់ចប់ មិនចាំបាច់ចាំទ្រចាំយកចិត្តក្មេងក្បាលរឹងដល់ម្លឹងនោះទេ...និយាយត្រង់ឃើញឯងរាល់ថ្ងៃហ្នឹងយើងហត់ចិត្តមែន
ណាមួយក៏ហត់នឹងធ្វើជាលេសឲ្យឯងបានជួបនឹងនាងដូចគ្នា»
«ឯងនិយាយមកធ្វើមើលតែប្អូនឯងព្រមធ្វើខ្លួនងាយៗដូចឯងនិយាយអ៊ីចឹង
បើគ្រាន់តែចូលស្តីចប់រឿងនោះយើងក៏មិនបាច់វែងឆ្ងាយដល់ថ្នាក់នេះដែរ! ឯងមិនឃើញទេហ្អី
ខំតាមម្លឹងហើយនៅចិត្តមិនព្រមទន់ នៅតែរឹងទទឹងគេចយើងសឹងមិនលោះពេល
ហើយបើសុខៗយើងទៅដណ្តឹងដល់ផ្ទះ ដល់ចាស់ទុំ
ស្រាប់តែនាងបដិសេធទៅមិនវីវរទៅហើយទេ?...គ្នាមិនចង់បានពាក្យបដិសេធទេ
ហើយក៏មិនចង់បង្ខំប្អូនឯងដូចគ្នា គ្នាចង់ឲ្យ លីតា ដឹងថាគ្នាមិនមែនជាមនុស្សគួរឲ្យខ្លាចសម្រាប់នាងនោះឡើយ...គ្នាចង់ឲ្យនាងជឿជាក់ជឿថាគ្នាស្រឡាញ់នាងយ៉ាងពិតប្រាកដ»
«ហ្អឺ...»
បញ្ញាវ័ន ងក់ក្បាលទទួលដឹងពីចម្លើយរបស់មិត្ត គេក៏ឯកភាពតាមនេះដូចគ្នា ព្រោះ លីតា
មិនមែនជាក្មេងដែលបង្ខំងាយៗបាននោះទេ ការដែល វិសុទ្ធ
យល់បែបនោះក៏ត្រូវម្យ៉ាងអាចឲ្យគេទទួលដឹងបានថាមិត្តគេម្នាក់នេះប្រាកដប្រជាកម្រិតណា។
ដល់ត្រឹមនេះភាពស្ងប់ស្ងាត់ក៏ចូលមកឱបក្រសោបអ្នកទាំងបីឲ្យស្ងប់ស្ងាត់ឡើងវិញ
ខណៈ វិសុទ្ធ ក្រឡេកភ្នែកចេញទៅក្រៅបង្អួចសម្លឹងមើលទិដ្ឋភាពយ៉ាងស្រស់ត្រកាលនៃរុក្ខជាតិខៀវខ្ចីតូចធំ
ដែលដុះតម្រៀបជួរគ្នាជាជាន់ជាថ្នាក់ខណ្ឌតាមទីតាំងរបស់ខ្លួនក្នុងចុងវស្សាន្តរដូវបានយ៉ាងស្រស់បំព្រង។
រីឯជំនោរអាកាសដែលបក់មកត្រសៀកធ្វើឲ្យពពួកស្មៅស្មោងតូចៗទាំងនោះរេរាំជាចង្វាក់ដូចជាអ្នករបាំបាឡេដ៏ប៉ិនប្រសប់ក្នុងការបញ្ចេញទេពកោសល្យ
និងជំនាញរបស់គេគ្មានខុស។
ទិដ្ឋភាពតាមជម្រាលភ្នំឡើងចុះ
ទាបខ្ពស់ ធ្វើឲ្យនរៈសម្លឹងមើលឃើញរុក្ខវិថីនៅជ្រោយម្ខាងទៀតដែលវៀចវេទៅខាងនេះបន្តិចទៅខាងនោះបន្តិចពន់ពេនទៅមកដល់ជាសត្វអន្លង់វាលើដីរាបគ្មានខុស។
ចំណែកឯងដើមស្រល់តូចស្រាវ
ហាក់កំពុងខិតខំលូតឲ្យខ្ពស់ហួសពពួកវល្លិ៍ដែលកំពុងតោងទាមខ្លួនឲផុត
តែនៅតែមិនផុតពីការចោមរោមប្រៀបបាននឹងមេបាជាទីពំនាក់របស់បុត្រធីតាដូចគ្នានោះដែរ។
«លីតា»
វិសុទ្ធ ហៅឈ្មោះអ្នកគេងលើភ្លៅខ្លួនដោយសំឡេងស្រាល
តាមដោយការអង្រួនអង្គប្រាណនាងតិចៗឲ្យនាងភ្ញាក់តាមសម្រួល
ដ្បិតពេលនេះពួកគេមកដល់កន្លែងកម្សាន្តហើយ មិនមែនជាពេលសម្រាប់ លីតា គេងទៀតនោះទេ។
ប៉ុន្តែថាទៅ លីតា នេះប៉ិនគេងដល់ហើយ គិតទៅតាំងពីចេញពីភ្នំពេញមកគេងរហូតតែម្តងដូចជា
កន្យា ដែរ។
«ហ្អឺ...»
លីតា រង៉េរង៉បែបមិនពេញបន្តិច ពេលត្រូវនរណាមិនដឹងមកដាស់នាងក្នុងវេលាលង់លក់បែបនេះ
ដឹងទេថាអ្នកដាស់អន់ចរិតណាស់ដែលមករំខានការយល់សប្តិរបស់នាង
ព្រោះកំពុងយល់សប្តិឃើញសិស្សច្បងរូបសង្ហាផង បែរជាមកដាច់ចង្វាក់អស់!
«ក្រោកបានហើយ!
នៅគេងដល់ណា?» ពេលអ្នកម្ខាងទៀតទំនងជារឭកពីដំណេកបានខ្លះៗហើយនោះ វិសុទ្ធ ចាប់គោះដៃស្រីស្រស់បន្ថែមទៀត
ដើម្បីឲ្យនាងឈប់រង៉េរង៉ និងក្រោកឡើងបានស្រឡះមុខមាត់ខ្លះ។
ប៉ុន្តែគ្រាន់តែបើកភ្នែកឡើងភ្លាម វិសុទ្ធ
ក៏ត្រូវមួយដៃភ្លែតពីសំណាក់ស្រីតូចម្ចាស់ចិត្តគេ។
«អូយ៎!...ម៉េចក៏វាយ?»
«ហ៊ឹស! មកពីលោកហ្នឹង
ដាច់យល់សប្តិខ្ញុំអស់...មនុស្សអាក្រក់ មនុស្សយ៉ាប់ មនុស្សហេងស៊យ!»
«ហ្អើ?
ដែលមួម៉ៅបែបនេះព្រោះភ្ញាក់ដាច់យល់សប្តិទេឬ?» វិសុទ្ធ និយាយដោយសំនួនច្រឡើមដាក់ខាងស្រី
មុននឹងលោមុខទៅជិតនាងបន្តិចបែបដាក់សម្ពាធធ្វើឲ្យខាងស្រីត្រូវរេខ្លួនថយក្រោយសន្សឹមគេចមុខរបស់មនុស្សក្បែរប្រាណដូចគ្នា។
«មុននោះសុបិនឃើញខ្ញុំឬអត់ទើបមួម៉ៅ?»
វិសុទ្ធ
វាចារស្រាលៗជះខ្យល់ដង្ហើមក្រអូបប្រហើរតាមសញ្ជាតិញាណមនុស្សប្រុសមកប៉ះនឹងផែនមុខសម៉ត់របស់
លីតា
ធ្វើឲ្យនាងត្រូវទម្លាក់ភ្នែកចុះបន្តិចបែបមិនចូលចិត្តដែលគេចូលចិត្តធ្វើឫកពាសង្ហាៗទាក់ទាញនាងគ្រប់ពេល។
ស្មានតែនាងភ្លើឬយ៉ាងម៉េច? ឆឹះ! មិនលេងជាមួយទេ...
«ធ្វើមុខក្រម៉ូវបែបនេះ
ឬមួយសុបិនឃើញខ្ញុំពិតមែន? សុបិនឃើញថាយ៉ាងម៉េចខ្លះ? តើនាងបានឱប ក្រសោប អង្អែល
និង...»
«លាមក!»
ថាតែត្រឹមហ្នឹង លីតា រហ័សលើកដៃរុញច្រានរាងកាយហាប់ណែនរបស់នរៈចេញឆ្ងាយពីនាងបន្តិច
មុននឹងបើកទ្វារឡានចេញមកខាងក្រៅ
បន្សល់ត្រឹមអ្នកខាងក្នុងឲ្យនៅសម្ងំលួចអស់សំណើចតែម្នាក់ឯងក្រោមក្រសែភ្នែកហួសចិត្តរបស់
បញ្ញាវ័ន ទៅវិញ ដ្បិតឃើញគូនេះហើយគេសែនឈឺក្បាលមែនទែន។
សូមរង់ចាំតាមដានវគ្គបន្ត...
Comments
Post a Comment