វិថីស្រពេចស្រពិល វគ្គ៧ (ត)

#វិថីស្រពេចស្រពិល
#វគ្គ7 ត

«មានចំណាប់អារម្មណ៍ចង់ធ្វើជាមិត្តស្រីខ្ញុំទេ?» បន្ទាប់ពីក្រេបអស់មួយកែវ ហ្គាន់ជូ ក៏ឧទានឃ្លានេះឡើងធ្វើឲ្យអ្នកដែលកំពុងតែអកស្រាបានបន្តិចនោះត្រូវបើកភ្នែកធំៗដោយភាពស្លុតស្លាំង ឈ្លក់នឹងពាក្យសម្តីរបស់គេដោយអត់មិនបាន។
«ខេះៗ»
«អុ...យ៉ាងម៉េចហើយហ្នឹង?» ពេលឃើញថាពាក្យលេចសើចរបស់គេមិនបានធ្វើឲ្យបរិយាកាសល្អឡើងវិញ បែរជាធ្វើឲ្យនាងតូចយ៉ាប់យឺនជាងមុននោះ អ្នកក៏មានអារម្មណ៍ខុសរហ័សរត់ទៅជួយគក់ខ្នងឲ្យនាង និងសួរដោយការបារម្ភ។
«ចំមែនហើយយើង! គិតថានឹងធ្វើឲ្យនាងសើច បែរជាធ្វើឲ្យនាងឈ្លក់ទៅវិញ!» ហ្គាន់ជូបន្ទោសខ្លួនឯងតិចៗដោយបន្តជួយរឺតខ្នងឲ្យខាងស្រី និងតាមសម្លឹងជាប់ថានាងបានប្រសើរឬមួយយ៉ាងណា?
«មិនអីទេ អរគុណហើយ!» នៅពេលបានធូរបន្តិចហើយ យេរ៉ីន ក៏លើកដៃជាសញ្ញាប្រាប់ថានាងលែងអីហើយ ទើបធ្វើឲ្យអ្នកកំលោះត្រូវបន្ទន់ខ្លួនអង្គុយទាបអែបក្បែរងើបមុខសម្លឹងអ្នកម្ខាងទៀតដោយការបារម្ភ មុននឹងហុចកែវទឹកទៅឲ្យនាងក្រេប។
«ពិតជាលែងអីមែនឬ?»
«ពិតមែន! លោកទៅអង្គុយកន្លែងលោកវិញទៅ!»
«ហ្អឹម...» ហ្គាន់ជូ ងក់ក្បាលតិចៗ និងធ្វើតាមសម្តីរបស់នាងដោយទៅអង្គុយកន្លែងដើមរបស់គេវិញ មុននឹងសូមទោសអ្នកម្ខាងទៀត។
«មិនគិតថានឹងធ្វើឲ្យនាងឈ្លក់ទេ គ្រាន់តែចង់លេងសើចប៉ុណ្ណោះ!»
ឮបែបនោះ យេរ៉ីន ក៏ព្យាយាមញញឹមនឹងសម្តីរបស់គេ និងប្រាប់ទៅខ្លួនឯងវិញថា ឃើញទេ? គេគ្រាន់តែនិយាយលេង ហេតុអ្វីចាំបាច់ភ្ញាក់ផ្អើលដល់ថ្នាក់នេះ? តើគេនឹងគិតបែបណាចំពោះនាង? បានហើយ...កុំគិតច្រើន កុំគិតវែងឆ្ងាយ! គេគ្រាន់តែជាមនុស្សទើបនឹងស្គាល់ កុំចាប់អារម្មណ៍ កុំគិតអីលើសពីនោះ!
«មិនអីទេ តែកុំលេងអ៊ីចឹងទៀតអី!»
«អ៊ីចឹងបើមែនបាន?» មិនទាន់ចប់ពីមាត់ផង ហ្គាន់ជូ ក៏បន្តការលេងសើចដូចដើម ធ្វើឲ្យ យេរ៉ីន ដកដង្ហើមធំបន្លប់ភាពអស់សំណើចដោយមិនចង់ឲ្យគេបានចិត្តនឹងញ៉ោះនាងបន្ត ប៉ុន្តែមានឯណា? ដ្បិតតែគេមានអារម្មណ៍ខុសដែលធ្វើឲ្យនាងឈ្លក់មុននោះពិតមែន ប៉ុន្តែកាលបើឃើញនាងត្រឡប់មកញញឹមដូចដើម អ្នកក៏នៅតែបន្តចង់ញ៉ោះនាងលេងបន្តទៀត។
«កុំលេងច្រើន! ប្រយ័ត្នមិត្តស្រីលោកដឹងមានរឿងទៅ?»
«ហ្អឺ? មិត្តស្រី? នេះអ្នកនាងគិតថាខ្ញុំជាមនុស្សបែបណាហ្នឹង? គិតថាខ្ញុំជាព្រាននារីឬយ៉ាងម៉េចបានជានិយាយដូច្នោះ? ខ្ញុំនេះណា បើមានមិត្តស្រីពិតមែន ប្រហែលថ្មើនេះមិនបានមកអង្គុយញ៉ាំសូជូជាមួយមនុស្សទើបនឹងស្គាល់គ្នានោះទេ! បែបនេះសប្បាយចិត្តបាន!»
«សប្បាយ...សប្បាយចិត្ត? ហេតុអ្វីខ្ញុំត្រូវសប្បាយចិត្ត?»
«គឺក្រែងអ្នកនាងគិតហ្នឹងណា៎
«គិត...គិតអី? ខ្ញុំមិនបានគិតអីទេ!» យេរ៉ីន រហ័សបដិសេធបែបមានពិរុទ្ធធ្វើឲ្យ ហ្គាន់ជូ សើចតិចៗចូលចិត្តនឹងឃើញទឹកមុខស្លាំងៗ ភាំងៗ គាំងនិយាយអ្វីមិនចេញនោះតែម្តងហើយ វាធ្វើឲ្យគេមានអារម្មណ៍ធូរស្រាល និងសប្បាយចិត្តគ្រប់ពេល។
«អត់គិត? មុនហ្នឹងទើបនិយាយសោះ!» ហ្គាន់ជូ បន្តញ៉ោះនាងបន្តទៀត ទាំងដែលដឹងហើយថាខាងស្រីកំពុងតាមពាក្យខ្លួនមិនទាន់ ក៏គេនៅតែនិយាយចេញទៅនោះទាញទៅនេះឲ្យ យេរ៉ីន ធ្វើមុខក្រម៉ូវមិនចូលចិត្តដែលគេចូលចិត្តនិយាយលចិត្តនាងបែបនេះ។
«និយាយអី!
«និយាយថាបារម្ភខ្លាចមិត្តស្រីខ្ញុំខឹងនោះអី? អ៊ីចឹងពេលនេះអ្នកនាងមិនបាច់ភ័យទេ ព្រោះខ្ញុំគ្មានមិត្តស្រីឲ្យគេត្រូវខឹង ហើយយើងអាច...»
«អាច?» ពេល ហ្គាន់ជូ បង្អង់សម្តីខ្លួន យេរ៉ីន ក៏បន្ទរតាមពាក្យរបស់គេសួរចង់ដឹងថាគេនិយាយអ្វីបន្ត? គេនិងនាងអាចអី? អាចលើសពីហ្នឹង ឬយ៉ាងម៉េច? យេរ៉ីន បានត្រឹមគិតនិងសម្លឹងមើលមុខគេមិនដាក់ភ្នែកធ្វើឲ្យអ្នកដែលព្យាយាមលាក់សំណើចរបស់ខ្លួនលើកដកស្រាសូជូនៅក្បែរនោះជាសញ្ញាតាមដោយឃ្លាប្រហារក្តីសង្ឃឹមរបស់ យេរ៉ីន ឲ្យរលាយដូចអំបិលត្រូវទឹក។
«អាចញ៉ាំសូជូបានដោយសប្បាយចិត្ត!»
«ហ្អឹស!» យេរ៉ីន សើចបែបហួសចិត្តនឹងគំនិតភ្លីភ្លើរបស់ខ្លួន មុននឹងអកសូជូមួយកែវពេញបែបខឹងចិត្តដែលចាញ់បញ្ឆោតរបស់អ្នកចំពោះមុខជាញឹកញយ ជាពិសេសសម្តីគេមួយៗនិយាយមកមានឥទ្ធិពលលើបេះដូងនាងរហូតធ្វើឲ្យនាងអត់នឹងមួម៉ៅនឹងខ្លួនឯងមិនបានទាល់តែសោះ។
«ពេលខឹងក៏គួរឲ្យស្រឡាញ់!» អស់ពីញ៉េះញ៉ោះ អ្នកកំលោះក៏បានត្រឹមអង្គុយមើលខាងស្រីលើកកែវស្រាអកម្តងហើយម្តងទៀត ទាំងដែលដឹងថានាងកំពុងខឹងនឹងការលលេងរបស់គេ។ ពេលខឹងក៏បែរជាស្ងាត់ស្ងៀម និងគិតតែញ៉ាំនេះញ៉ាំនោះ មិនជជីកដេញដោលដូចមុន សូម្បីតែមុខក៏មិនមើល? ស្អីគេអីចេះ? ឬនាងកំពុងតែងរគេមែនទេ?

Comments