វិថីស្រពេចស្រពិល វគ្គ៨

អុញនោះ! ឪគេតាមទាន់បាត់...ធ្វើយ៉ាងម៉េចទៅយើង?

#វិថីស្រេពេចស្រពិល
#កាងយេរ៉ីន&ណាំហ្គាន់ជូ

វគ្គ៨
«ចា៎!» ស្តាប់ចប់ខាងប្រុសប្រុងក៏លើកមួកមកពាក់វិញ តែមិនទាន់ទាំងពាក់បានស្រួលបួលផងអ្នកក៏បង្អាក់ដៃនោះរួចងាកទៅតាមសំឡេងហៅរបស់ស្រស់ស្រី។
«ឈប់សិន!» ថាតែប៉ុណ្ណឹង យេរ៉ីន ក៏បោះជំហានទៅផ្តិតស្នាមថើបលើថ្ពាល់អ្នកកំលោះបន្តិច មុននឹងដកខ្លួនថយចេញមកវិញតាមដោយនិយាយយករួចខ្លួននូវសម្តីដែល ហ្គាន់ជូ ត្រូវស្ងៀមធ្មឹងព្រោះមិននឹកស្មានថានាងបែរជាអាចនឹកឃើញនិយាយឃ្លានេះឡើងមកនោះទេ វាជារឿងមិននឹកស្មានទាល់សោះ។
«ជុប...ជារង្វាន់ថ្ងៃនេះ!»
«ហ្អា៎...» យេរ៉ីន ស្រែកអស់ទំហឹងដោយអារម្មណ៍ភ័យខ្លាច និងមិនពេញចិត្តនឹងអ្វីដែលខ្លួនបានឃើញក្នុងយល់សប្តិ មុននឹងក្រោកឡើងទាំងសភាពស៊ើងមើងក្រឡេកមើលឆ្វេងស្តាំ ឃើញថាជាបន្ទប់របស់ខ្លួនឯងសម្រាកក៏ដកដង្ហើមធូរទ្រូងព្រោះអ្វីដែលនាងមើលឃើញមុននោះគ្រាន់តែជាយល់សប្តិប៉ុណ្ណោះ។
«សំណាងល្អហើយឯង កុំអីមិនដឹងយកមុខទៅទុកនៅឯណានោះទេ!» យេរ៉ីន ញញឹមស្រស់ធូរចិត្តពេលគិតថាវាគ្រាន់តែជាយល់សប្តិ មុននឹងក្រោកចាកដំណេកប្រុងនឹងទៅងូតទឹក។ ប៉ុន្តែក៏ឮសំឡេងទូរស័ព្ទរបស់ខ្លួនរោទិ៍ធ្វើឲ្យ យេរ៉ីន ទម្លាក់ទឹកមុខប្រែជារាបស្មើសម្លឹងមើលទូរស័ព្ទដែលនៅលើតុក្បែរក្បាលដំណេកដោយការសញ្ជឹងគិតថាអ្នកណាខលមកនៅវេលាថ្មើនេះ?
«ហ្គាន់ជូ?» យេរ៉ីន ហៅឈ្មោះគេក្នុងចិត្តបែបចម្ងល់ថាគេមានរឿងអីបានជាខលមកទាំងព្រឹកព្រលឹមបែបនេះ?
«អាឡូ!»
«បាទ! នេះស្វាងស្រាហើយ?» សម្តីប្រហារចិត្តរបស់ ហ្គាន់ជូ ធ្វើឲ្យ យេរ៉ីន ត្រូវបើកភ្នែកធំៗដូចឃើញខ្មោច ដ្បិតចាប់ថា្នក់បានថាម្សិលមិញនាងពិតជាបានញ៉ាំស្រាជាមួយគេពិតមែន ហើយអ្វីដែលសំខាន់នាងស្រវឹងថែមទៀត! ឬរឿងនោះមិនមែនជាយល់សប្តិ? មិនអាចទេដឹង? យេរ៉ីន នៅតែសួរខ្លួនឯងបែបមិនអស់ចិត្ត ដោយបន្តភាពស្ងាត់ស្ងៀមធ្វើឲ្យខាងប្រុសត្រូវហៅឈ្មោះនាងម្តងទៀត។
«យេរ៉ីន អ្នកនាងស្តាប់ខ្ញុំឮទេ?
«ឮៗ! លោកមានការអីដែរមែនទេ?»
«គ្មានទេ...គ្រាន់តែចង់ដឹងថាស្វាងស្រវឹងឬនៅប៉ុណ្ណោះ!»
«អឺ...មិនអីទេ! ខ្ញុំគិតថាខ្ញុំមិនបានស្រវឹងអីណាស់ណាទេត្រូវទេ?» យេរ៉ីន និយាយបែបវាស់ស្ទង់ចង់ដឹងមើលថានាងស្រវឹងពិតមែនឬ? ហើយបើស្រវឹងមែននោះ តើនាងមានធ្វើអ្វីដែលគួរឲ្យខ្មាស់ដូចយល់សប្តិឬមួយក៏អត់?
«អត់ទេ គ្មានស្រវឹងអីណាស់ណាទេ! តែ...»
«តែ?»
«តែគួរឲ្យស្រឡាញ់ច្រើនជាង!» ត្រឹមតែប៉ុណ្ណឹង យេរ៉ីន ក៏ញោចមាត់អស់សំណើចបន្តិចទាំងដែលមុននោះចងចិញ្ចើមជាប់មិនលែងទាល់តែសោះ តែក៏ប្រែមកជារសាយបានដោយងាយត្រឹមពាក្យមិនប៉ុន្មានម៉ាត់របស់គេម្នាក់នេះឯង ដែលវាសាងឲ្យនាងដឹងថាគេម្នាក់នេះកំពុងមានឥទ្ធិពលលើបេះដូងរបស់នាងខ្លាំងពីមួយថ្ងៃទៅហើយ។
«បើអ្នកនាងលែងអីទៅហើយ ខ្ញុំដាក់ទូរស័ព្ទចុះសិនហើយ
«ចា៎! ជួបគ្នាពេលក្រោយ!» យេរ៉ីន បញ្ចប់ឃ្លាត្រឹមតែប៉ុណ្ណឹង មុននឹងលោតកញ្ឆេងដោយភាពត្រេកអរថាខ្លួនមិនបានធ្វើអ្វីឲ្យទាស់ឆ្គងដូចក្នុងយល់សប្តិអ្វីនោះឡើយ ទាំងមិនដឹងខ្លួនទេថាអ្នកដែលខ្លួនបាននិយាយទូរស័ព្ទជាមួយមុននោះ កំពុងតែឈរនៅខាងក្រៅរបងផ្ទះនាងដោយភាពមមើមមាយដូចគ្នា។
អ្នកដឹងថាបើនិយាយការពិតទៅ នារីម្នាក់នោះនឹងអៀនគេអាចនឹងមិនជជែកចចារ ជាហេតុឲ្យពិបាកនឹងមើលមុខគ្នាតទៅមុខក៏បាន។ ម្ល៉ោះហើយនៅពេលនេះអ្វីដែលគេធ្វើបានត្រូវលាក់រឿងនោះជាកំបាំងសិន សឹមពេលណាប្រាកដប្រជានឹងគ្នារួចរៀងខ្លួន គេនឹងប្រាប់រឿងនេះដល់នាងជាមិនខាន។
ហ្គាន់ជូ សើចញញឹមពេលគិតដល់រូបភាពសប្បាយចិត្តរបស់អ្នកម្ខាងទៀត តែបើដៅមិនខុសប្រាកដរីករាយដោយថ្នាក់លោតកញ្ឆេងហើយទេដឹង? បើមិនដូច្នោះក៏លោតទម្រាំលើគ្រែសម្រាកដែរ!
អ្នកបានត្រឹមគិត មុននឹងប្រុងដាក់ស៊ុបបំបាត់ភាពស្រវឹងនៅនឹងមាត់ទ្វារចូលផ្ទះរបស់ខាងស្រី តែមិនបានដាក់ចុះស្រួលបួលផងសំឡេងបុរសចំណាស់ប្រមាណមានវ័យហុកសិបប្លាយក៏បន្លឺឡើងពីក្រោយខ្នងអ្នក ធ្វើឲ្យអ្នកទៅជាស្ងៀមធ្មឹងមួយរំពេច។
«អ្នកកំលោះធ្វើអីហ្នឹង?»
«បាទ?» ឮដូច្នោះ ហ្គាន់ជូ ក៏ងើបមុខសម្លឹងទៅកាន់ប្រភពសំឡេង មុននឹងប្រទះនឹងរូបរាងបុរសវ័យហុកប្លាយស្ថិតក្នុងឈុតពណ៌គគីរទាំងលើទាំងក្រោម ដែលគ្របដោយអាវរងារក្រាស់ពណ៌ខ្មៅកំណាត់កូតុង។ គាត់សម្លឹងមើលអ្នកកំលោះដោយចម្ងល់ថាអ្នកមកធ្វើអ្វីនៅនឹងមុខផ្ទះគាត់នៅវេលាថ្មើនេះ? ប៉ុន្តែកាលបើក្រឡេកមើលទៅដៃរបស់អ្នកដែលមានប្រអប់ម្ហូប បុរសចំណាស់ក៏ដើរចូលទៅជិតគេមុននឹងសួរ ហ្គាន់ជូ បញ្ជាក់។

Comments