Blind Date (Part1)

ព្រោះតែយល់ពីគ្នា ស្គាល់គ្នាច្បាស់ពេក ទើបដឹងថាពួកយើងមិនអាចដើរទៅមុខជាមួយគ្នាបាន។ គ្រាន់តែសម្លឹងចំប្រសីភ្នែកក៏ដឹងថាម្នាក់ទៀតគិតអ្វី... ភាគ១ +++++ ពេលនឹកគេ ខ្ញុំតែងអង្គុយនៅទីនេះសម្លឹងមើលទៅក្រៅបង្អួចនឹកគិតដល់ថាគេកំពុងធ្វើអ្វី? ញ៉ាំបាយ? គេង? ឬដើរលេង? តើគេមានធ្លាប់នឹកយើងដែរទេ? សំណួរទាំងនេះតែងវិលទៅវិលមកក្នុងអារម្មណ៍ជានិច្ច។ ប៉ុន្តែមិនថាសួរខ្លួនឯងច្រើនប៉ុណ្ណាក៏នៅតែគ្មានចម្លើយ ដ្បិតសំណួរនេះខ្ញុំជាអ្នកសួរខ្លួនឯង។ ខ្ញុំធ្លាប់គិតថាបើសិនជាមានឱកាសបានជួបគេ ខ្ញុំគួរនិយាយអ្វី? ធ្វើអ្វី? តែអ្វីៗបានត្រឹមតែគិតតែប៉ុណ្ណោះ! «ទឺង!» សំឡេងសារចេញពីប្រអប់សារហ្វេសបុកបន្លឺឡើង ធ្វើឲ្យខ្ញុំដកអារម្មណ៍ពីចម្រៀងរបស់ Leon ទៅមើលសារ ដែលទើបនឹងផ្ញើចូលមុននោះ។ គ្រាន់តែឃើញសារនោះភ្លាម ខ្ញុំក៏អាចញញឹមបានភ្លែតដូចគ្នា! ដឹងទេថាហេតុអ្វី? នេះកុំគិតថាជាសាររបស់មិត្តប្រុសខ្ញុំផ្ញើមកអីទៅ! បើគិតដូច្នេះមែន អាចប្តូរចិត្តបានណា៎។ ដ្បិតម្នាក់នេះនៅលីវក្បែរប្រាំពីរឆ្នាំអីហើយ សង្សារសង់អីនេះទុកម្តុំហើយ។ រាល់ថ្ងៃខ្លាចតែសារមន្ទីរខលមកហៅទៅចុះឈ្មោះអ្នកនៅលីវអាជីពទេ។ អូខេ ចូលសាច់ការវិញម្តង! ម្នាក់នេះជាមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំធ្លាប់ជាអ្នកប្រឹក្សាគេកាលពីគេបែកគ្នាជាមួយសង្សារ។ ឃើញនៅលីវអាជីពអ៊ីចឹងមែន តែរឿងប្រឹក្សាស្នេហាស្នេហ៍ហឺតអីនេះ ជំនាញខ្ញុំហើយសូមប្រាប់! បើខូចចិត្ត ចង់ប្រឹក្សាអាចឆាតមកបានគ្រប់ពេល។ (លីតា! ថ្ងៃសៅរ៍សប្តាហ៍ក្រោយទំនេរទេ?) «ទំនេរក៏ដូចអត់ អត់ក៏ដូចទំនេរ! មានអីឬអត់? ម៉េចសុខៗមកសួរឯងបែបនេះ?» (ហ្អា៎...សួរឲ្យដឹងហ្នឹងហើយ ព្រោះមានដំណឹងពិសេសប្រាប់) អីយ៉ា មានដំណឹងពិសេសប្រាប់ទៀត? តិចជិតដល់ថ្ងៃពិសេសរបស់គេទៅ? «រឿងពិសេសអីរបស់ឯង? ប្រាប់មក!» (ខ្ញុំចង់អញ្ជើញលីតាឲ្យចូលរួមពិធីភ្ជាប់ពាក្យរបស់ខ្ញុំ និងវិច្ឆិកា) «ហ្អី...លឿនម្ល៉េះ? ទើបតែត្រូវគ្នាវិញមិនទាន់បានមួយឆ្នាំផង ភ្ជាប់ពាក្យទៅហើយ!» (ហាសហា...ធ្វើចឹងទើបបាន មិនចឹងវិច្ឆិកាប្តូរចិត្តទៀតហ្នឹង ពិបាកសូមត្រូវគ្នាណាស់!) «ហ្អឹម...ដឹងហើយ!» (ចុះមកបានទេ?) «រឿងអីថាមិនបាន...ចាំសូមច្បាប់គ្រូមួយថ្ងៃទៅចូលរួមពិធីពិសេសរបស់សិទ្ធីឯងចុះ» (អរគុណអ៊ីចឹង...សង្ឃឹមថាបានជួបលីតា និងដៃគូក្នុងពិធីរបស់ខ្ញុំសប្តាហ៍ក្រោយអ៊ីចឹង) «សុទ្ធតែដៃគូ! និយាយមកហេតុតែគេមានគូ គេចង់ឌឺអ្នកអត់គូតែម្តងហើយនេះ...» (ហ្អា៎...មានឯណា! គិតថាលីតាមានគូដែរហ្នឹងណា៎ ទើបនិយាយអ៊ីចឹងនោះ) «ហើយបើអត់គូទៅអត់បាន?» (ហាសហា...អត់បានទេ!) «សិទ្ធីនេះយ៉ាប់ណាស់...ចឹងខ្ញុំទៅដើររកខ្ចីគេបណ្តើរយកទៅក៏បាន...» (ហាសហា...ហើយខ្ចីបានទេ? បើខ្ចីអត់បានទេ ចាំខ្ញុំឲ្យខ្ចីព្រោះមានមិត្តកម្លោះៗច្រើន) «ហ្អេៗ វាមិនដែលមាន! នេះសម្រេចថាចង់ចាប់គូឲ្យខ្ញុំជាមួយមិត្តរបស់សិទ្ធីមែន?» (ខិខិ...ដឹងទាន់ទៀត! តែថាចង់ជួបទេ? មិត្តភក្តិខ្ញុំល្អណាស់ណា៎ ឆ្លាត សង្ហា ហើយនៅលីវ១០០%) «ហ្អឺម...ខ្ជិលណាស់! ខ្ជិលជាប់ដៃជាប់ជើង...» (ហ្អឺ...ខំចិត្តល្អណែនាំប្រុសល្អឲ្យហើយ មិនយកប្រយ័ត្នស្តាយក្រោយណា៎...) «ចា៎...មហាមិត្ត!» (ខ្ញុំនិយាយមែនណា៎លីតា! ម្នាក់ហ្នឹងចង់ជួបលីតានៅខាងក្រៅណាស់ គាត់ថាចូលចិត្តរូបលីតា) «???» (ខ្ញុំប្រាប់គាត់ពីលីតា ហើយឲ្យរូបលីតាទៅគាត់មើល) «ចិត្តល្អណាស់! ម៉េចខ្លាចមិត្តម្នាក់នេះនៅព្រៅឬយ៉ាងម៉េច?» (ខ្លាចដែរហ្នឹង មើលមើស៎ ៣០ ស្អែកខានស្អែកឥលូវហើយហ្នឹង!) «បាន...សម្រាក! ខ្ញុំទើប២៦ឆ្នាំ...» (វាក៏ក្បែរៗហ្នឹង! វិច្ឆិកា ក៏គាត់គិតថាម្នាក់ហ្នឹងសមជាមួយលីតាដែរ សាកទៅជួបគេសាកលមើល...បើមិនត្រូវចិត្តម្នាក់ហ្នឹង ចាំខ្ញុំដូរថ្មីឲ្យ! ខិខិ...) «ហ្អឺស...បានសម្តីណាស់! តាំងពីត្រូវគ្នាវិញមក សម្តីចាក់ទឹកមិនលិចទេយើង...» (ហ្អាក៎...ក្រែងលីតាជាប្រាប់ថាកុំឲ្យនៅមើកៗមិនមាត់មិនកហ្អី? ដល់ឥលូវគេចេះនិយាយលលេងតិចតួចថាគេចាក់ទឹកមិនលិច...) «អូខេៗ...សូមចាញ់ហើយទៅ!» (ឥលូវសម្រេចថាមកជួបគេហើយណា៎...) «ហ្អឹម...ក៏បាន! តែឲ្យប្រាកដណាថាសង្ហាដូចមាត់» (ហ្អាក៎ ប្រុងអត់ទុកចិត្តគ្នាមែន! ម្នាក់ហ្នឹងសង្ហាដូចខ្ញុំអ៊ីចឹង!) «រកកន្លែងសង្ហាមិនឃើញទេ!» (ហាសហា...ចាំឲ្យវិច្ឆិកាទៅមើលភ្នែកឲ្យចឹង!) «ហ្អើយ...ប៉ិនណាស់!» (ហាសហា...អូខេ! ឈប់រំខានហើយសម្រាកចុះកវីនារី...តែកុំភ្លេចថ្ងៃអាទិត្យនេះទៅ Brown Coffee នៅមុខសាកលវិទ្យាល័យភូមិន្ទ ណា៎....ម៉ោង៤ល្ងាច!) «ហ្អឺ? លឿនម្ល៉េះ? ណាត់ម៉ោងហើយទៀត?» (ក៏ប្រាប់ហើយថាម្នាក់ហ្នឹងចង់ជួបលីតា គ្រាន់តែដឹងថាលីតាអូខេភ្លាម ដាក់ម៉ោងដាក់កន្លែងឲ្យមួយស្អាត!) «ហ្អឺ...ទុកចិត្តបានទេ?» (បាន...សុភាពបុរសពិតៗណា៎!) «អូខេ...អរគុណ!» +++++++ I have been here long time enough to leave. I think it is time to leave that past...Good Bye!

Comments